សីតុណ្ហភាពក្នុងខ្លួនមនុស្សអាចឡើងឬចុះទៅតាមកាលៈទេសៈ និងពេលវេលា។ ជួនកាល យើងអាចធ្វើឱ្យកម្ដៅកើនឡើងដោយមិនដឹងខ្លួន។ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាស៊ុបក្ដៅៗនិងហឹរៗមួយចានពិតជាល្អបំផុតសម្រាប់ពេលអ្នកផ្ដាសាយដែរទេ? ចំណុចខាងក្រោមទាំងអស់នេះអាចនឹងស្រាយចម្ងល់អ្នកបាន។

១. ជក់បារីអាចបណ្ដាលឱ្យកម្ដៅក្នុងខ្លួនកើនឡើង

សីតុណ្ហភាពនៅចុងបញ្ចប់នៃបារីមួយដើមស្មើនឹង២០៣ដឺក្រេហ្វារេនហៃឬ៩៥អង់ស្សាសេ។ នៅពេលដែលអ្នកដកដង្ហើមក្នុងផ្សែងក្ដៅនេះ អ្នកអាចបណ្ដាលឱ្យរាងកាយអ្នកឡើងកម្ដៅលើសលប់។ ជាធម្មតា ការជក់បារីនាំឱ្យអ្នកបាត់បង់លទ្ធភាពក្នុងការបញ្ចុះកម្ដៅក្នុងខ្លួនរបស់អ្នក។ នៅពេលដែលអ្នកឈប់ជក់សីតុណ្ហភាពក្នុងខ្លួនអ្នកត្រូវការពេលប្រហែល២០នាទីដើម្បីត្រឡប់មកកម្រិតធម្មតាវិញ។

២. ច្រមុះរបស់អ្នកនឹងឡើងក្ដៅ ពេលដែលអ្នកនិយាយកុហក

អ្នកវិទ្យាសាស្ត្រជនជាតិអេស្ប៉ាញជាច្រើននាក់មកពីសាកលវិទ្យាល័យ Granada បានអះអាងថា តំបន់នៅជុំវិញច្រមុះនិងភ្នែករបស់មនុស្សនឹងឡើងកម្ដៅ នៅរាល់ពេលដែលយើងនិយាយកុហក។ ការរកឃើញកម្ដៅកើនឡើងនេះធ្វើឡើងតាមរយៈការស្កេនThermal។ ការស្រាវជ្រាវកបានរកឃើញថា នៅពេលដែលយើងធ្វើសមាធិ សីតុណ្ហភាពនៅលើមុខនឹងធ្លាក់ចុះ ហើយពេលដែលយើងទទួលរងការវាយប្រហារបែបថប់បារម្ភ សីតុណ្ហភាពលើមុខរបស់យើងនឹងកើនឡើងកម្ដៅ។

៣. ម្ទេសក្រហមជួយបង្កើនកម្ដៅក្នុងរាងកាយ

ម្ទេសក្រហមដូចជាម្ទេសដៃនាង ឬម្ទេសដែលលក់នៅលើទីផ្សារមិនត្រឹមតែអាចជួយបង្កើនរសជាតិអាហារប៉ុណ្ណោះទេ តែថែមទាំងអាចជួយបង្កើនកម្ដៅក្នុងរាងកាយអំឡុងពេលកំពុងរំលាយអាហារទៀតផង។ ហេតុនេះហើយទើបសម្លមានម្ទេសហឹរៗមួយចានពិតជាមានរសជាតិឆ្ងាញ់មិនធម្មតាសម្រាប់ពេលផ្ដាសាយឬអាកាសធាតុត្រជាក់។

៤. រវាងបុរសនិងស្ត្រីមានសីតុណ្ហភាពខុសគ្នា

ជាធម្មតា បុរសមានសីតុណ្ហភាពក្នុងខ្លួនត្រជាក់ស្ត្រី។ សីតុណ្ហភាពដែលខុសគ្នានេះគឺឆ្លើយតបទៅនឹងការប្រែប្រួលកម្រិតអរម៉ូន។ សីតុណ្ហភាពក្នុងរាងកាយស្ត្រីបានភាពខុសប្លែកគ្នាអាស្រ័យទៅលើវដ្តរដូវរបស់ពួកគេម្នាក់ៗ។ ចំណែកសីតុណ្ហភាពក្នុងរាងកាយមនុសប្រុសវិញតែងតែក្ដៅនៅម្ដុំប្រដាប់បន្តពូជ។

៥. មនុស្សកាន់តែចាស់ សីតុណ្ហភាពកាន់តែចុះត្រជាក់

ប្រសិនបើដៃរបស់អ្នកចេះតែត្រជាក់ទោះបីរដូវក្ដៅក៏ដោយនោះហេតុផលអាចមកពីអាយុ និងចលនាឈាមរបស់អ្នក។ អ្នកវិទ្យាសាស្ត្រជាច្រើនមកពីប្រទេសទួគីបានពិនិត្យសីតុណ្ហភាពមនុស្សចំណាស់១៣៣នាក់ អាយុពី៦៥ ទៅ៧៤ឆ្នាំ ហើយបានរកឃើញថាសីតុណ្ហភាពរាងកាយរបស់ពួកគេស្ថិតក្រោមកម្រិតធម្មតា។ ចំណែកក្រុមមនុស្សចាស់អាយុ៧៥ ទៅ៨៤ឆ្នាំ សីតុណ្ហភាពកាន់តែត្រជាក់ជាងនេះទៅទៀត ហើយនឹងកាន់តែត្រជាក់សម្រាប់អ្នកអាយុច្រើនជាង៨៥ឆ្នាំឡើងទៅ។

៦. កម្ដៅក្នុងខ្លួនកាន់តែក្ដៅនឹងប៉ះពាល់ដល់ការគេង

កម្ដៅក្នុងរាងកាយបានជះឥទ្ធិពលទៅដល់គុណភាពនៃការគេង។ អ្នកវិទ្យាសាស្ត្រជាច្រើនមកពីប្រទេសហូឡង់បានរកឃើញថាអ្នកដែលគេងលក់ស្រួលគឺសុទ្ធតែមានស្បែកត្រជាក់។ ការសិក្សាបានសាកល្បងចំពោះអ្នកចូលរួមដោយការស្លៀកសម្លៀកបំពាក់ពិសេសដែលជួយធ្វើឱ្យស្បែកឡើងត្រជាក់ ហើយពួកគេគេងឆាប់លក់ និងកាន់តែស្កប់ស្កល់៕