មនុស្សគ្រប់រូបតែងតែមានក្តីស្រមៃផ្ទាល់ខ្លួន និងមានបំណងប្រាថ្នាចង់ឱ្យខ្លួនបានជោគជ័យរៀងៗខ្លួន ពោលគឺគ្មាននរណាម្នាក់មិនចង់រីកចម្រើន និងខ្ពស់មុខខ្ពស់ មាត់នោះឡើយ។ ទន្ទឹមនឹងនេះដែរការដែលបុគ្គលគ្រប់រូបទទួលបាន ជោគជ័យនោះ គឺមិនមែនជារឿងដែលងាយស្រួលនោះទេហើយក៏មិនមែនមានន័យថាឱ្យតែអ្នកបាន ខិតខំប្រឹងប្រែង គឺសុទ្ធសឹងតែទទួលបានលទ្ធផលល្អនោះដែរ។ 

ស្របជាមួយគ្នានេះ ដែរអ្នកប្រាកដជាចង់ដឹងហើយថាហេតុអ្វីបានជាខ្លួនខិតខំប្រឹងប្រែង និងព្យាយាមជាច្រើនលើកច្រើនសារហើយនៅតែមិនទទួលបានលទ្ធផលល្អទៀត។ ការពិតទៅ គឺវាមានកត្តាធំៗចំនួន ៥ដែលបណ្តាលឱ្យអ្នកមិនទទួលបានលទ្ធផលល្អយ៉ាងដូច្នេះ។ ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីកត្តាទាំង ៥ ដែលធ្វើឲ្យអ្នកមានដំណើរជីវិត យឺតយ៉ាវបែបនេះ។

១) មិនបានកំណត់គោលដៅឱ្យបានច្បាស់លាស់

មិនថាជាគោលបំណង ក្តីស្រម៉ៃ ឬក្តីសុបិន្តនោះទេអ្នកត្រូវតែមានការកំណត់គោលដៅ ឱ្យបានច្បាស់លាស់ទើបទទួលបានលទ្ធផលល្អ។ ការដែលមិនបានកំណត់គោលដៅច្បាស់លាស់ គឺជាកត្តាមួយដែលធ្វើឱ្យអ្នកមិនអាចសម្រចជោគជ័យបានឡើយ ពីព្រោះថាវានឹងធ្វើឱ្យអ្នកមានការស្ទាក់ស្ទើរ​មិនទុកចិត្តខ្លួនឯង និងមិនដឹងច្បាស់ពី អ្វីដែលត្រូវធ្វើឱ្យប្រាកដប្រជានោះទេ។ ដូច្នេះបើទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ ក៏មិនអាចទទួលបានលទ្ធផលល្អនោះដែរ។

២) ការមិនយកចិត្តទុកដាក់ទៅលើការងារ

ការដែលមិនបានផ្តោតអារម្មណ៍ទៅការងារ ឬទៅលើអាជីវកម្មរបស់អ្នកគឺជាកត្តាមួយ ដែលធ្វើឱ្យអ្នកមិនអាចទទួលបានការរីកចម្រើនឡើយ។ប្រសិនបើអ្នកកំពុងតែធ្វើ អាជីវកម្មរបស់អ្នកសុខៗស្រាប់តែឃើញអាជីវកម្មរបស់អ្នកដ៏ទៃទួលបានផលចំណេញខ្ពស់អ្នកក៏ងាកទៅធ្វើតាមគេដោយបោះបង់អាជីវកម្មខ្លួនឯងនោះ បើទោះបីជាអ្នកផ្លាស់ប្តូរប្រភេទអាជីវកម្មនិងខិតខំយ៉ាងណាក៏ដោយក៏អ្នកមិនមាន ការរីកចម្រើ​នអ្វីដែរ ពីព្រោះថាអ្នកមិនបានផ្តោតអារម្មណ៍ និងមិនបានសិក្សាឈ្វេងយល់ ពីអាជីវកម្មនីមួយៗឱ្យបានស៊ីជម្រៅនិងច្បាស់លាស់នោះទេ។ដូច្នេះអ្នកគួរតែមានការផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងតែធ្វើ មិនថាការងារ ឬក្នុងការធ្វើអាជីវកម្មនោះឡើយអ្នកប្រាកដជាទទួលបានលទ្ធផលវិជ្ជមានជាក់ជាមិនខាន។

៣) ការពន្យាពេលធ្វើការងារ

កំហុសដ៏ធំបំផុតរបស់មនុស្សគឺការដែលគិតថាមិនទាន់ដល់ពេលឬចូលចិត្តប្រើពាក្យថា “ចាំសិន”។ មនុស្សភាគច្រើនចូលចិត្តប្រើពាក្យនេះ​ទាំងដែលការពិតទៅវាគឺជាកត្តាដែលងាយនឹងសម្លាប់ក្តីសុបិន្តរបស់អ្នកទាំងស្រុង។ ម៉្យាងវិញទៀតវានឹងធ្វើឱ្យអ្នកខាតពេលវេលាជាច្រើនក្នុងជីវិត និងមិនបានទទួលនូវចំណេះដឹងឬបទពិសោធនោះឡើយ។មិនត្រឹមតែប៉ុណ្ណោះអ្នកនឹងមិនមានឱកាសដើម្បីបញ្ចេញសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ឱ្យកាន់តែរីកចម្រើនបានឡើយប្រសិនបើអ្នកមិនមានការចាប់ផ្តើម។​​

៤) ការប្រកាន់ខ្ជាប់នូវគំនិតអវិជ្ជមាន

ប្រសិនបើអ្នកតែងតែមានគំនិតអវិជ្ជមានគ្រប់ពេលវេលាទោះបីជាអ្នកខិតខំប្រឹងប្រែងនិងធ្វើការចំណាយអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្តច្រើនប៉ុណ្ណាក៏ដោយក៏អ្នកនឹងគ្មានថ្ងៃរីកចម្រើនទៅមុខបានដែរ។​ មិនថាក្នុងការធ្វើអាជីវកម្មការវិនិយោគទុនលើភាគហ៊ុន ឬកិច្ចការងារផ្សេងៗទៀតដែលអ្នកត្រូវរ៉ាប់រង អ្នកប្រាកដជាមិនទទួលបានលទ្ធផលល្អឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យខ្លួនអ្នកមានការរីកចម្រើនលូតលាស់បានដែរ ពីព្រោះថាគំនិតនិងការគិតបែបអវិជ្ជមាន គឺជាដើមហេតុនៃភាពបរាជ័យដែលធ្វើឱ្យអ្នកឆាប់មានការភ័យខ្លាចស្ទាក់ស្ទើរ មិនជឿជាក់លើខ្លួនឯង និងជាដើមហេតុដែលធ្វើឱ្យអ្នកឆាប់បោះបង់បំផុតផងដែរ។

៥) មិនខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែម

ចំណេះដឹងគឺហាក់បីដូចជាអាវុធដ៏មហិមាមួយដែលនៅក្នុងខ្លួនរបស់អ្នកកាលណាអ្នកប្រើប្រាស់វាកាន់តែច្រើន វាក៏កាន់តែមុតស្រួចឡើងថែមទៀត។ ដូច្នេះប្រសិនបើអ្នកមានចំណេះដឹងខ្លះហើយក៏ប៉ុន្តែអ្នកបែរជាមិនបានព្យាយាមប្រើប្រាស់និងអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកនោះទេ អ្នកនឹងគ្មានថ្ងៃទទួលបានលទ្ធផលមួយដែលល្អឥតខ្ចោះនោះឡើយ។ បើទោះបីជាសម្រេចបានក៏ដោយ ក៏លទ្ធផលនោះមិនអស្ចារ្យនិងគួរជាទីគាប់ចិត្តរបស់អ្នកនោះដែរ។ ម៉្យាងវិញទៀតអ្នកក៏មិនអាចអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខនោះដែរ ពោលគឺជីវិតអ្នកនឹងស្ថិតនៅតែក្នុងស្ថានភាពដដែលៗមិនអាចរីកចម្រើនទៅមុខបាននោះទេ៕