ដរាបណាដង្ហើមយើងនៅតែដក បេះដូងយើងនៅតែដើរ ដាច់ខាតមិនត្រូវអស់សង្ឃឹម មិនត្រូវបោះបង់ខ្លួនឯង និងមិនត្រូវបិទឱកាសខ្លួនឯងឡើយ។ ទាំងនេះជាកម្លាំងលើកទឹកចិត្ត ដែលមានបង្កប់នៅក្នុងខ្សែរឿងប្រលោមលោកបែបមនោសញ្ចេតនា «សំណាញ់ជីវិត» របស់ អ្នកស្រី អ៊ុច ថាវី អ្នកនិពន្ធមកពីស្រុកកោះសូទិនខេត្តកំពង់ចាម។

«សំណាញ់ជីវិត» បានក្លាយជាទីប្រឹក្សារបស់មិត្តអ្នកអាន និងបានក្លាយជាពន្លឺក្នុងការជួយនាំផ្លូវមិត្តអ្នកអានទាំងឡាយចេញពីទុក្ខសោកនៅក្នុងជីវិត។ អ្នកនិពន្ធយើងបានបង្ហាញពីបញ្ហាជីវិតចាក់ស្រេះ ហ៊ុមព័ទ្ធទៅដោយបញ្ហាកិត្តិយស ស្នេហាគំនុំគុំគួន ទ្រព្យសម្បត្តិ ការលោភលន់ ដូចជាសំណាញ់ក្រសោបរាងកាយ មិនឲ្យរើទៅណារួចប៉ុន្តែប្រលោមលោកជាង​២០០ទំព័រនេះ បានបង្ហាញពីច្រកចេញយ៉ាងវិជ្ជមានចំពោះដំណោះស្រាយបញ្ហាជីវិត។

ប្រលោមលោកសំណាញ់ជីវិតរបស់លោកស្រី អ៊ុច ថាវី ទទួលបានការចាប់អារម្មណ៍នូវជ្រុងផ្សេងៗ គ្នាពីអ្នកគាំទ្រ។ កុំឲ្យខាតពេលយូរតោះយើងនាំគ្នាទៅអានពីចំណាប់អារម្មណ៍របស់មិត្តអ្នកអានខាងក្រោមនេះដូចតទៅ៖

កញ្ញា កូន ផ្កាឈូក ទទួលស្គាល់ថា មានជីវិត គឺមានបញ្ហា ហើយកញ្ញាបានរៀបរាប់ឡើងយ៉ាងដូច្នេះ៖ «រឿងសំណាញ់ជីវិតបានបង្ហាញថាចំណុចពិសេសនៃជីវិត ​​គឺជា​​បញ្ហា បើគ្មានបញ្ហាមិនហៅថាជីវិតទេ។ តម្លៃល្អរបស់ជីវិតនឹងទទួលបាននៅពេលយើងចេះដោះស្រាយបញ្ហា។ បញ្ហាជាច្រើនប្រៀបបានទៅនឹងសំណាញ់មនុស្សឆ្លាតប្រើបញ្ញា សេចក្តីល្អ ភាពអំណត់ ស្មោះត្រង់ ក្ដីស្រឡាញ់រួមទាំងទំនុកចិត្តដើម្បីស្រាយសំណាញ់នោះ ឲ្យរលាក្លាយជាខ្សែត្រង់វិញ។ ពេលខ្លះផ្លូវវាងជាផ្លូវដែលអាចឲ្យយើងឆ្លៀតឱកាសដើរបានលឿនជាងផ្លូវកាត់។»

កញ្ញា កូន ផ្កាឈូក អ្នកគាំទ្រប្រលោមលោកខ្មែរសម័យទំនើប «សំណាញ់ជីវិត »

ចំណែកឯចំណាប់អារម្មណ៍របស់កញ្ញា Le Mon គឺទៅលើចំណុចនៃសេចក្តីទុកចិត្តនេះ​៖«ទោះបីវាជាប្រលោមលោក តែវាបានបង្កប់នូវសារលើកទឹកចិត្តជាច្រើនដល់អ្នកអាន ជាពិសេស គឺនារី។ ក្នុងរឿងនេះដែរខ្ញុំគិតថាអ្នកនិពន្ធបានសង្កត់ធ្ងន់ទៅលើពាក្យថា «សេចក្តីទុកចិត្ត» ព្រោះបញ្ហាវាកើតមានឡើងក្នុងរឿងរវាងតួស្រី និងតួប្រុសដោយសារតែការមិនទុកចិត្តគ្នា។ ដូច្នេះបើមានការទុកចិត្តគ្នាទៅវិញទៅមក បញ្ហាក៏មិនងាយនឹងកើតឡើងដែរ។ នេះជាចំណុចខ្លះៗ ដែលខ្ញុំបានយល់ដឹងបន្ទាប់ពីអានចប់ ហើយខ្ញុំក៏លើកទឹកចិត្តឲ្យមនុស្សប្រុសអានរឿងនេះ ជាពិសេសផងដែរព្រោះរាល់ចម្ងល់របស់មនុស្សប្រុសដែលមានលើមនុស្សស្រី នឹងត្រូវបកស្រាយក្នុងរឿង សំណាញ់ជីវិតនេះ»។

កញ្ញា សយ សីហា បានយល់ឃើញថា៖ «ក្រោយអានរឿងសំណាញ់ជីវិតរួច កញ្ញាបានកត់សម្គាល់ទុកនូវចំណុចល្អៗដែលមានក្នុងរឿងជាចំណែកមួយនៃបទពិសោធក្នុងជីវិតរបស់កញ្ញា អាចឲ្យយើងស្វែងយល់ពីរឿងជីវិតគូអាចឲ្យអ្នកអានគិតច្បាស់លាស់មុនសម្រេចចិត្តធ្វើអ្វីមួយ អាចឲ្យអ្នកអានស្វែងយល់ពីមូលហេតុនិងហេតុផលនៃរឿងទាំងឡាយដែលបានកើតឡើង ក្នុងរឿងជីវិតគូតែងតែប៉ះទង្គិចគ្នាខ្លះ ​ដូច្នេះហើយអាចឲ្យយើងមានការអធ្យាស្រ័យចំពោះគ្នា។ ជីវិតជាគូមិនងាយស្រួលឡើយ ដូច្នេះអ្នកអានជាពិសេសយុវវ័យគួរតែស្វែងយល់មុននឹងសម្រេចចិត្តជ្រើសរើសនរណាម្នាក់មកក្នុងជីវិតយើង»។

ចំណែកឯលោក ថ្ម កាបូន វិញបានលើកឡើងថា៖ «ពិសេសត្រង់ថារឿងនេះសរសេរឡើង ដោយបង្ហាញពីបញ្ហាជាក់ស្តែង​ក្នុងសង្គមគ្រួសារ មិនស្រមើស្រមៃ ដែលជាតម្លៃអភិវឌ្ឍន៍អាចឲ្យអ្នកអានទទួលយកទៅប្រើប្រាស់ដើម្បីដោះស្រាយ និងសម្រួលនៅក្នុងជីវភាពរស់នៅរបស់ខ្លួនបាន»។

លោក ថ្ម ការូន អ្នកគាំទ្រប្រលោមលោកខ្មែរសម័យទំនើប «សំណាញ់ជីវិត »

ចំណែកឯអ្នកស្រី អ៊ុច ថាវី ក៏មានសារផ្តាំផ្ញើដល់អ្នកនិពន្ធជំនាន់ក្រោយ និងប្រិយមិត្តអ្នកអានទាំងឡាយថា«ចំពោះអ្នកនិពន្ធ សូមបន្តការតែងនិពន្ធ និងបន្តកែលម្អគុណភាពស្នាដៃរបស់ខ្លួនឲ្យកាន់តែល្អ។ ធ្វើយ៉ាងណាឲ្យស្នាដៃរបស់ខ្លួនក្លាយជាស្នាដៃដែលមានប្រយោជន៍ចំពោះមិត្តអ្នកអាន លើសពីការកម្សាន្តតែមួយមុខនិងសូមយកចិត្តទុកដាក់ចំពោះអក្ខរាវិរុទ្ធផង។ អ្នកនិពន្ធដែលកាន់តែល្បីសូមកាន់តែប្រយ័ត្នចំពោះស្នាដៃរបស់ខ្លួន ពីព្រោះថាអ្នកអាន ឬហ្វេនៗ តែងជឿនូវរាល់អ្វីដែលអាយឌលរបស់ខ្លួនសរសេរនៅក្នុងសៀវភៅ»។

អ្នកស្រីក៏មានពាក្យពេចន៍ខ្លះៗជូនចំពោះមិត្តអ្នកអាន និងបានសំណូពរឲ្យប្រជាជនខ្មែរចូលរួមគាំទ្រស្នាដៃប្រលោមលោកជាភាសាខ្មែរ ឲ្យបានកាន់តែច្រើនដើម្បីរួមចំណែកក្នុងការថែរក្សានិងលើកតម្កើងភាសាជាតិយើង។ កែលម្អដើម្បីស្ថាបនានូវរាល់ស្នាដៃ​​​​​​ដែលអ្នកបានអាន ដើម្បីជួយបង្កើនគុណភាពស្នាដៃនាពេលក្រោយៗ។ អ្នកស្រីក៏មានអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តអ្នកអានមួយចំនួន ដែលតែងតែគាំទ្រនូវរាល់ស្នាដៃតែងនិពន្ធជាភាសាខ្មែរនិងបានចំណាយពេលវេលាសរសេរពីមតិយោបល់របស់ខ្លួន បង្ហោះនៅតាមបណ្តាញសង្គមដើម្បីឲ្យអ្នកដែលមិនទាន់បានអានបានស្គាល់និងមានបំណងចង់អាន អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺមតិយោបល់របស់មិត្តអ្នកអានទាំងអស់វាសុទ្ធតែជាឱសថសម្រាប់បង្កើនកម្លាំងចិត្តដល់អ្នកនិពន្ធឲ្យរឹតតែខិតខំសម្រិតសម្រាំងស្នាដៃរបស់ខ្លួននាពេលក្រោយៗទៀត៕