ជាទូទៅ គេតែងឮមនុស្សជាច្រើននិយាយថា អ្នករកស៊ីជាមនុស្សដែលហ៊ានប្រថុយតែសម្រាប់សហគ្រិន​ជោគជ័យមួយចំនួនបែរជាយល់ឃើញផ្ទុយពីនេះទៅវិញ។

លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge បានលើកឡើងថា ការរកស៊ីមិនមែនចេះតែប្រថុយដោយគ្មានចំណេះដឹងនោះទេ។ វាចាំបាច់ត្រូវតែមានភាពច្បាស់លាស់ ទាំងតម្រូវការទីផ្សារ ប្រភេទផលិតផល តម្លៃ ទីតាំងនិង​គូប្រជែងជាដើម។ អ្នកបោះលុយរកស៊ី ដែលចេះតែប្រថុយនិងធ្វើដោយការស្មានៗ ភាគច្រើនគឺត្រូវបិទទ្វាទៅវិញក្នុងរយៈពេលខ្លី។ 

លោកឧកញ៉ារូបនេះបន្តថា អ្នករកស៊ីភាគច្រើនមិនសូវយកចិត្តទុកដាក់លើការស្រាវជ្រាវ និងការអភិវឌ្ឍ(R&D) សម្រាប់ស្ថាប័ននោះទេ ហើយពួកគាត់ចូលចិត្ត​ធ្វើអ្វីដោយមើលតាមគេ។ ជាឧទាហរណ៍ ពេលបើកហាងកាហ្វេគាត់មិនបានសិក្សាឱ្យបានលម្អិត ពីកម្រិតនៃផលិតផលដែលគាត់ចង់បង្កើត ថាតើគាត់ចង់ស្ថិតនៅទីតាំងណានោះទេ។ អ្វីដែលពួកគាត់ធ្វើ គឺទៅមើល​ Menu​ របស់គេ ហើយគាត់ធ្វើតាមដោយមើលលើតម្លៃដែលហាងកាហ្វេល្បីៗធ្លាប់ដាក់។ បន្ទាប់មក​ក៏ដាក់តម្លៃប្រហាក់ប្រហែលគ្នា ដោយគ្មានមូលដ្ឋានច្បាស់លាស់។ បន្ថែមពីលើនេះ គាត់ក៏មិនបានសិក្សាឱ្យលម្អិតពីទីតាំង ប្រភេទផលិតផលនិងចំណុចល្អិតៗជាច្រើនផ្សេងទៀត សម្រាប់អាជីវកម្មរបស់ខ្លួនឯងដែរ។

លោកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់ថា ដើម្បីជោគជ័យលើការធ្វើអាជីវកម្មណាមួយ អ្នករកស៊ីគួរហ៊ានចំណាយលើការស្រាវជ្រាវទីផ្សារ ព្រោះវាអាចធ្វើឱ្យយើងទទួលបានព័ត៌មានលម្អិតពាក់ព័ន្ធនឹង​អាជីវកម្មដែលយើងចង់បើកនោះ។ ជាឧទាហរណ៍ បើយើងចង់បើកហាងការ៉េមអស់ប្រហែល 30ម៉ឺនដុល្លារ យើងមិនគួរយកលុយទាំងអស់នោះទៅបោះចោល ដោយមិនបានសិក្សាច្បាស់នោះទេ។ ហើយបើហ៊ានចំណាយដល់ទៅ30ម៉ឺនហើយ តើខ្លាចអីនឹងដកពីរបីម៉ឺនដើម្បីសិក្សា?

សហគ្រិនខាងលើបានលើកឡើងផងដែរថា នៅពេលយើងសិក្សាច្បាស់លាស់ យើងនឹងដឹងថា​តើអាជីវកម្មដែលយើងចង់ធ្វើនេះ គួរដាក់នៅកន្លែងណា? មានតម្រូវការអតិថិជន​កម្រិតណា? អ្នកណាខ្លះជាគោលដៅអតិថិជននិងព័ត៌មានសំខាន់ៗជាច្រើនទៀតសម្រាប់អភិវឌ្ឍ។ ប្រសិនបើយើងរកឃើញហើយថា ប្រភេទអាជីវកម្មរបស់យើងមិនសម ឬមិនល្អសម្រាប់ទីផ្សារនោះទេ យើងអាចដកឃ្លាសម្រាប់គិតរឿងថ្មីបាន ដែលយ៉ាងហោចក៏យើងមិនចាំបាច់ខាតលុយនិងពេលវេលាច្រើនដែរ។ តែប្រសិនបើយើង​ដឹងច្បាស់ហើយថា យើងអាចអភិវឌ្ឍក្នុងរូបភាពណាមួយបាន នោះយើងក៏នឹងងាយស្រួលខិតខំប្រកបដោយទំនុកចិត្តលើការធ្វើអាជីវកម្មនោះដែរ។

អ្នករកស៊ីច្បាស់លាស់ភាគច្រើន គេគិតល្អិតល្អន់ណាស់ តាំងពីទីតាំងនោះមានមនុស្សប៉ុន្មាននាក់ឆ្លងកាត់ក្នុងមួយថ្ងៃៗ ហើយប្រភេទសេវាកម្ម ឬផលិតផលយើងនៅណា? នៅកម្រិតក្រោមមធ្យម កម្រិតមធ្យមឬកម្រិតខ្ពស់បំផុតនៃទីផ្សារ។ គេក៏អាចសិក្សាបានច្បាស់ផងដែរពីវិធីក្នុងការប្រកួតប្រជែងក្នុងទីផ្សារ ដោយធានាថាអាជីវកម្មនោះអាចជោគជ័យក្នុងកម្រិតខ្ពស់។ កុំយកលុយទៅបោះចោលដោយគ្មានការសិក្សាច្បាស់លាស់។ តែគួរចំណាយតិចតួច ដើម្បីទទួលបានផលចំណេញនិងជោគជ័យក្នុងអាជីវកម្ម ទើបហៅថាជាការវិនិយោគត្រឹមត្រូវ៕