ក្រុងប៉ារីស៖ សៀវភៅ “កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor)” ដែលបានរៀបចំចងក្រងឡើងដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជ័យលាភីជា «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ»នៅក្នុងកម្មវិធី Gourmand Woeld CookBook Award 2021 ដែលធ្វើឡើងនៅទីក្រុងបារីស ប្រទេសបារាំងពីថ្ងៃ ២៩វិច្ឆិកា ដល់ ៦ ធ្នូ ២០២១។

កម្មវិធីនេះ ប្រគល់ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ដោយលោក edouard Cointreau ក្នុងគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារទូទាំងសកលលោក។ នៅក្នុងឆ្នាំ ២០២១នេះ មានការចូលរួមពីប្រទេសចំនួន ១៩៨ ដោយមានសៀវភៅសរុបចំនួន ៤០០០ក្បាល។

សៀវភៅដែលជាស្នាដៃរបស់ខ្មែរនេះ បានពិពណ៌នាយ៉ាងពិស្ដារអំពីគ្រឿងផ្សំ មុខម្ហូប និងបង្អែមរបស់ខ្មែរ ចំនួន ៣៨មុខផ្សេងគ្នា តាមរយៈកម្មវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេស សម្រាប់អ្នកការទូតកម្ពុជាប្រើប្រាស់ និងផ្ដល់ជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវបរទេស។

ការទទួលបានពានរង្វាន់ «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ» គឺជាមោទនភាពជាតិនិងជាសមិទ្ធផលដ៏ត្រចេះត្រចង់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញវិស័យការទូតម្ហូបអាហារ សំដៅឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកេរ្ដិ៍ដំណែល និងប្រណិតភាពនៃសិល្បៈម្ហូបខ្មែរ ដែលជាអត្តសញ្ញាណនៃអរិយធម៌ដ៏វិសេសវិសាលរបស់កម្ពុជា៕