រាជធានីភ្នំពេញ៖ ធនាគារពិភពលោក បានរក្សាកំណើននៃការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជា ថាស្ថិតក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ហើយនឹងហក់ឡើងខ្ពស់ ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។

យោងតាមរបាយការណ៍ Global Economic Prospects ដែលបានចេញផ្សាយ​កាល​ពីថ្ងៃទី៨ ខែមិថុនា ធនាគារពិភពលោក ព្យាករណ៍ថា សម្រាប់​ឆ្នាំ​នេះ ទស្សនវិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​ការ​ផ្លាស់ប្ដូរ​ពី​ការ​ព្យាករណ៍​ក្នុង​ខែ​មករា​ទេ។ 

កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ៤,៥ ភាគរយ​នៅឆ្នាំនេះ ទៅ ៥,៨ ​ភាគរយនៅឆ្នាំក្រោយ ដែលជា​ល្បឿន​នៃការពង្រីកលឿនបំផុត​បន្ទាប់​ពី​ប្រទេសវៀតណាម ដែលជាប្រទេសដែលវាត្រូវបានព្យាករណ៍​ថា នឹងកើនឡើងពី ៥,៨ ភាគរយទៅ ៦,៥ភាគរយ។

ក្នុងចំណោមសេដ្ឋកិច្ចអាស៊ានដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា​នឹងកើនឡើង ៥,៦ ភាគរយនៅឆ្នាំក្រោយ​ ធ្លាក់ចុះបន្តិចពី ៥,៧​ ភាគរយនៅឆ្នាំនេះ។