រាជធានីភ្នំពេញ៖ ពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានចំនួនជិត ៨ ០០០ ប៊ីលានរៀល ត្រូវប្រមាណជា ១៩៧០,៥១ លានដុល្លារអាមេរិក គឺស្មើនឹង ៦៩,៨៩ ភាគរយ នៃផែនការប្រចាំឆ្នាំ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២២ ដែលបានធ្វើនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ។

គិតក្នុងឆមាសទី១ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបាន​៧ ៩៨០,៥៧ ប៊ីលានរៀល ត្រូវប្រមាណជាង ​១៩៧០,៥១ លានដុល្លារអាមេរិក ​ស្មើ ៦៩,៨៩ ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ចំណូលនេះ​កើនឡើងប្រមាណជាង ១ ៨៣៣ ប៊ីលានរៀល​ ត្រូវប្រមាណជាង ​៤៥២ លានដុល្លារអាមេរិក ​ស្មើ ២៩,៨៧ ភាគរយ។

 ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ការប្រមូលចំណូលពន្ធសម្រាប់ខែមិថុនា ​ឆ្នាំ២០២២ នេះ អគ្គ​នាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលពន្ធបានប្រមាណជាង​ ៩៨៦ ប៊ីលានរៀល ​ត្រូវប្រមាណជិត ២៤៣ ​លានដុល្លារ​អាមេរិក ​ស្មើប្រមាណ ១០៣ ភាគរយ ​នៃផែនការប្រចាំខែ​ និងស្មើ ៨,៦៤ ភាគរយនៃផែនការប្រចាំឆ្នាំ ២០២២៕