រាជធានីភ្នំពេញ៖ ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុបចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល (ប្រមាណជា ១៧ ១៦១ ៥៨៥ ដុល្លារអាមេរិក) គឺមានកើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត។
បើគិតចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១,៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។
ក្នុងកិច្ចពិភាក្សារបស់គណៈកម្មការរអន្តរក្រសួង ដែលដឹកនាំដោយលោកស្រី កុយ សុដានី ក៏បានពិភាក្សាការកែសម្រួលនៃការគណនាតម្លៃលេខទាំងឡាយ ណាដែលមានតួរលេខ១៦៨ និងបានពិនិត្យលើការកែសម្រួលអត្រារូបមន្ត ដែលទើបបង្កើតថ្មីចំនួនជាង៦០០រូបមន្ត បន្ថែមទៀត។
លោកស្រី បញ្ជាក់បន្ថែមថា៖ គណៈកម្មការនឹងពិនិត្យលទ្ធភាពជួបប្រជុំជាមួយនឹងក្រុមហ៊ុននានា ដូចជា កូកាកូឡា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យក្រុមហ៊ុនទាំងនោះ បានដឹងអំពីជម្រើស និងគោលការណ៍រួមដែលត្រូវផ្តល់ជូនទាក់ទងនឹងការទិញលេខចុះ បញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន៕