លេខសម្ងាត់ “១២៣៤៥៦” ត្រូវបានគេរកឃើញចំនួន ៧លានដងនៃទិន្ន័យដែលបានលេចធ្លាយ ក្នុងចំណោមមួយពាន់លាន នៅក្នុងការសិក្សាមួយនេះមានន័យថា លេខសម្ងាត់មួយក្នុងចំណោមលេខសម្ងាត់ចំនួន ១៤២ គឺជាលេខ ១២៣៤៥៦។ 

ការសិក្សានេះក៏បានបង្ហាញថាចំនួនលេខសម្ងាត់ជាមធ្យមគឺ ៩តួ ហើយការប្រើលេខសម្ងាត់៩តួនេះវាមិនទាន់មានសុវត្ថភាពខ្ពស់ទេ តែក៏មិនមែនជាបញ្ហាធំណាស់ណាដែរគ្រាន់តែអាចសបញ្ជាក់ឱ្យឃើញថាអ្នកប្រើប្រាស់ភាគច្រើនប្រើលេខសម្ងាត់តិចជាង៩តួដែលចំនួននេះគួរតែចៀសវាងប្រើ។ ការសិក្សានេះធ្វើឡើងកាលពីខែមុន ដោយនិស្សិតវិស្វកម្មកុំព្យូទ័រឈ្មោះ Ata Hakçıl បានធ្វើការវិភាគទៅលើឈ្មោះអ្នកប្រើប្រាស់និងលេខសម្ងាត់ដែលបានលេចធ្លាយតាមអុិនធ័រណេតបន្ទាប់ពីមានការរំលោភបំពានទិន្នន័យនៅតាមក្រុមហ៊ុនផ្សេងៗ។ 

ទីតាំងផ្ទុកទិន្នន័យទាំងនេះត្រូវបានបង្កើតឡើងតាំងពីជាងកន្លះទស្សវត្សមកហើយនិងកំពុងបន្ថែមទិន្នន័យរបស់ក្រុមហ៊ុនថ្មីៗមួយចំនួនទៀតដែលត្រូវបានគេចូលលួច។ប៉ុន្មានឆ្នាំមកនេះក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដូចជា Google, Microsoft និង Appleក៏បានប្រមូលទិន្នន័យដែលបានលេចធ្លាយទាំងនោះដើម្បីបង្កើតជាប្រព័ន្ធជូនដំណឹង ព្រមទាំងធ្វើការព្រមានដល់អ្នកប្រើប្រាស់នៅរាល់ពេលដែលពួកគេចង់បង្កើតលេខសម្ងាត់ដែលចាត់ទុកថាជាលេខសម្ងាត់"ខ្សោយ" ឬ "ធម្មតា" នោះ។ 

ទាក់ទងទៅនឹងបញ្ហានេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយដែរទាក់ទងទៅនឹងការដាក់លេខសម្ងាត់ ដែលមានលក្ខណៈស្មុគស្មាញ និងពិបាកស្មានចៀសវាងប្រើលេខសម្ងាត់ដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ ស្លាកលេខយានយន្តដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការលួចចូលរបស់ជនអនាមិក៕

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា