បច្ចេកវិទ្យា៖ Cache យើងហៅវាថា ជាឃ្លាំងឬជាទីតាំងដែលបម្រុងទុក ដើម្បីប្រមូលទិន្នន័យទុកជាបណ្តោះអាសន្ន ក្នុងការជួយឲ្យលោកអ្នកបើកគេហទំព័រ (Browser) កម្មវិធីរុករក(Search) និងកម្មវិធីផ្សេងទៀត(App) បានលឿនជាងមុន។
Cache នេះគឺត្រូវបានគេប្រើនៅគ្រប់កន្លែង មិនថាកុំព្យូទ័រកុំព្យូទ័រយួរដៃ ឬក្នុងទូរស័ព្ទ, កម្មវិធីApp, គេហទំព័រ អ្នកអភិវឌ្ឍន៍កម្មវិធីនឹងប្រើវាដើម្បីផ្ទុកទិន្នន័យជាបណ្ដោះអាសន្ន។ ឃ្លាំងទិន្នន័យនេះ ធ្វើឱ្យមានភាពងាយស្រួលក្នុងការទាញយកទិន្នន័យយ៉ាងរហ័ស ដែលជួយឱ្យកម្មវិធីដែលអ្នកកំពុងប្រើមានដំណើរការលឿនជាងមុន។
ជាឧទាហរណ៍ ពេលអ្នកបើកកម្មវិធី Safari ដើម្បីស្វែងរកឯកសារអ្វីមួយ ឬបើក Facebook ជាលើកដំបូង នោះនឹងមានដំណើរការយឺតបន្តិច។ ទិន្នន័យការស្វែងរករបស់អ្នកនេះតូចមួយ នឹងត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន សម្រាប់ការបើកនៅលើកក្រោយទៀតមានល្បឿនលឿនជាងមុន។ លោកអ្នកក៏អាចឃើញទំហំផ្ទុក Cache នេះលើ កម្មវិធីទាំងនោះផងដែរ។
Cache កាន់តែធំ នឹងធ្វើឲ្យអ្នកខាតទំហំផ្ទុកទិន្នន័យ
ទិន្នន័យទាំងនេះ ពិតមែនតែមានទំហំតូច តែបើអ្នកមិនចាប់អារម្មណ៍ក្នុងការសម្អាតវាទេ នោះវានឹងត្រូវផ្ទុកលើសកំណត់ហើយបណ្តាលឱ្យមានបញ្ហាដល់ទំហំផ្ទុកទិន្នន័យក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័ររបស់អ្នក ។ លោកអ្នកមិនចាំបាច់ត្រូវបានសម្ងាតវាជាប្រចាំនោះទេ ប៉ុន្តែជម្រើសល្អនោះគឺ ការសម្អាតយូរៗម្ដងនឹងមានប្រយោជន៍។