បច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple បានប្រញាប់ប្រញាល់បញ្ចេញនូវ iOS Version ថ្មីគឺ 14.8 កាលពីថ្ងៃចន្ទ និងបានណែនាំអ្នកប្រើប្រាស់ឲ្យធ្វើបច្ចុប្បន្នភាព (Update) ជាចាំបាច់ លើ iPhone, iPad, Macs និង Apple Watches ដើម្បីសុវត្ថិភាពនៃការប្រើប្រាស់ពីការជ្រៀតចូលលួចយកទិន្នន័យ។
ចន្លោះប្រហោងកន្លងមករបស់ក្រុមហ៊ុន Apple គឺអាចបណ្ដោលឱ្យជនខិលខូច ប្រើកម្មវិធី Pegasus ចូលទៅលួចទិន្នន័យ លេខសំងាត់ បើកម៉ៃក្រូហ្វូន កាមេរ៉ា ឬតាមដានការតេទូរស័ព្ទ និងអាចចូលទៅមើលអុីម៉ែល និងសារ បានផងដែរដោយវិធី Zero Click (មានន័យថា អ្នកប្រើប្រាស់មិនបាច់ចុច ឬធ្វើសកម្មភាពអ្វីផ្សេង ក៏គេអាចចូលគ្រប់គ្រងទូរស័ព្ទបានដែរ)។
ការអាចជ្រៀតចូលនេះ គឺតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែលឈ្មោះថា NSO Group ដែលបង្កើតកម្មវិធី Pegasus ដើម្បីអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch បាន និងត្រូវបានគេដឹងជាសាធារណៈនៅក្នុងកំឡុងខែ សីហា កន្លងទៅ។
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ iPhone លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ឱ្យបានឆាប់រហ័សដើម្បីចៀសវាងពីការជ្រៀតចូលផ្សេងៗ៕
ដើម្បីធ្វើការ Update លើ iPhone និង iPad សូមចូលទៅក្នុង Setting>General > Software Update.