បច្ចេកវិទ្យា៖ មានការចុះផ្សាយពីក្ដីបារម្មណ៍របស់ស្ថាប័នសារព័ត៌មានធំៗ ពីមេរោគ Pegasus ដែលត្រូវលក់ក្នុងតម្លៃជាច្រើនលានដុល្លារ ព្រោះតែសមត្ថភាពខ្ពស់មិនធ្លាប់មានក្នុងការសើបការ លួចទិន្នន័យ ហើយត្រូវបានគេប្រើសំដៅលើ សកម្មជន អ្នកនយោបាយ និងអ្នកកាសែត ។
អ្វីជា Pegasus ? នេះជាកម្មវិធីប្រភេទ Commercial Spyware (មេរោគសើបការ) បង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែលឈ្មោះ NSO Group សម្រាប់លក់។ វាអាចអោយគេលួចចម្លងស្ទើរតែគ្រប់យ៉ាង ពីក្នុងទូរស័ព្ទដៃរបស់អ្នកដូចជា ឯកសារ រូបថត ទិន្នន័យ សារសម្លេង ការខល និងសារតាមបណ្ដាញសង្គម។ វាក៏អាចស្ដាប់ការឆ្លើយឆ្លងជាសម្លេងរបស់អ្នកបានផងដែរ។
តាមការផ្សាយរបស់ NSO Group ដែលជាអ្នកធ្វើកម្មវិធីសើបការ Pegasus នេះ គេបានលក់កម្មវិធីនេះឲ្យ រដ្ឋាភិបាល, ភ្នាក់ងារសើបការ, និងបម្រើឲ្យវិស័យយោធា។ កម្មវិធីនេះក៏ត្រូវបានគេប្រើដើម្បីសើបការលើ ឧក្រឹដ្ឋជន មេដឹកនាំសាសនា អ្នកជំនួញធំៗផងដែរ។
ក្រុមហ៊ុន NSO Group បានលើកឡើងផងដែរថា ក្រុមហ៊ុននេះមានអតិថិជនជាង ៤០ប្រទេស តែក្រុមហ៊ុននេះមិនអាចប្រើដើម្បីលួចទិន្នន័យក្នុងសហរដ្ឋអាមេរិកបាននោះទេ។
ទិន្នន័យដែលបានបែកធ្លាយប្រមាណជា ៥០០០០លេខ, ក៏មានលេខទូរស័ព្ទរបស់ប្រធានាធិបតី បារាំង លោក ម៉ាក្រុង ក៏ស្ថិតនៅក្នុងបញ្ជីដែលគេតាមដាននោះដែរ ដែលបណ្ដាលឲ្យលោក ម៉ាក្រុង ទំនាក់ទំនងទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដើម្បីសួរនាំពីបញ្ហានេះ ដោយចោលការសង្ស័យថា មានការលួយស្ដាប់គ្រប់យ៉ាងដែលមានក្នុងទូរស័ព្ទដៃរបស់លោក និងមន្រ្តីជំនិតប្រធានាធិបតី៕ ប្រភពពី Guardian