បច្ចេកវិទ្យា៖  រាប់ចាប់ពីបណ្ដាញសង្គម ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនផលិតបន្ទះឈីប រហូតដល់ក្រុមហ៊ុនផលិតផលហ្គេម កំពុងបន្តបញ្ឈប់អាជីវកម្មជាមួយប្រទេសរុស្ស៊ី ដែលបង្ហាញសញ្ញានៃការឆ្លើយតប ទៅនឹងការដែលលោកខាងលិចហៅថា ជាឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងតាមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក។

តាមតួលេខចុងក្រោយ មានក្រុមហ៊ុនមិនតិចជាង 400ទេ ដែលបានប្រកាសដកខ្លួនចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការវាយឡុកចូលអ៊ុយក្រែន។ ខាងក្រោមនេះ យើងលើកយកតែផ្នែកបច្ចេកវិទ្យាធំៗ ដែលបានដកខ្លួនជាបន្តបន្ទាប់៖

ក្រុមហ៊ុន Microsoft

ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃទី 4 ខែមីនាថា ខ្លួនកំពុងផ្អាកការលក់ផលិតផល និងសេវាកម្មរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសរុស្ស៊ី  ហើយក៏នឹងមិនបង្ហាញខ្លឹមសារណាមួយពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលគាំទ្រដោយរដ្ឋ RT និង Sputnik នោះទេ ។ បន្ថែមពីនេះ ក៏បានលុបចំណាត់ថ្នាក់លទ្ធផលស្វែងរក នៅលើ Bing ហើយនឹងបញ្ឈប់រាល់ការផ្សាយពាណិជ្ជកម្ម។

ក្រុមហ៊ុន Google

គ្រប់គ្រងដោយ Alphabet - Google បាននិយាយនៅថ្ងៃទី 10 ខែមីនាថា YouTube និង Google Play កំពុងផ្អាកសេវាកម្ម ការទូទាត់ទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។ អ្នកផលិតមាតិកា ក្នុង YouTube ប្រទេសនេះ នឹងមិនអាចរកចំណូលបានទៀតនោះទេ។

Google បានហាមឃាត់ ការផ្សាយពាណិជ្ជកម្មលើសារព័ត៌មាន RT និង Sputnik ពី Play Store ។ និងដកអត្ថបទចេញពី Google News និងហាមឃាត់មិនឲ្យអ្នកប្រើប្រាស់ YouTube នៅទូទាំងទ្វីបអឺរ៉ុប មិនឲ្យមើលឃើញ សារព័ត៌មានរបស់រុស្ស៊ី។ ហើយនឹងបានបិទផ្នែកខ្លះរបស់​ Google Map។

ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple បានផ្អាកការលក់ផលិតផលទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងបានដាក់កម្រិតការចូលប្រើប្រាស់សេវាកម្មឌីជីថលរបស់រុស្ស៊ី រួមទាំង Apple Pay និងបានបិទ RT News និង Sputnik ពី App Store ។ បន្ថែមពីនេះ ក៏មានការបិទផ្នែកខ្លះនៃ Apple Maps។

ក្រុមហ៊ុន Meta (Facebook និង Instagram)

Meta បានប្រកាសនៅថ្ងៃទី 28 ខែកុម្ភៈថា ទំព័រ Facebook និង Instagram ដែលជាកម្មសិទ្ធិរបស់ RT និង Sputnik នឹងមិនអាចចូលប្រើបានទៀតទេ នៅក្នុងសហភាពអឺរ៉ុប។

ក្រោយមក កាលពីថ្ងៃទី 4 ខែមីនា រុស្ស៊ីបានប្រកាសបិទការចូលប្រើ Facebook នៅក្នុងប្រទេស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលហៅថា "ការរើសអើង" ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី។ និងនៅថ្ងៃទី 14 ខែមីនា ប្រទេសរុស្ស៊ីក៏បានបិទការចូលប្រើ Instagram ផងដែរ។

Twitter

Twitter ក៏បានដកគណនីរបស់ RT និង Sputnik នៅអឺរ៉ុប ស្របតាមការហាមឃាត់របស់ EU លើបណ្តាញព័ត៌មានដែលគាំទ្រដោយវិមានក្រឹមឡាំង ដែលបានចូលជាធរមានកាលពីថ្ងៃពុធ។

TikTok ៖ ក៏បានផ្អាកការបង្ហោះវីដេអូថ្មី និងការផ្សាយបន្តផ្ទាល់នៅក្នុងប្រទេសរុស្ស៊ី និងបានបិទការចូលទៅកាន់ RT និង Sputnik នៅក្នុងសហភាពអឺរ៉ុបផងដែរ។

Snapchat ៖ បានបញ្ឈប់ការផ្សាយពាណិជ្ជកម្មទាំងអស់ ដែលកំពុងដំណើរការនៅក្នុងប្រទេសរុស្ស៊ី បេឡារុស្ស ។

Booking និង Airbnb ៖ ក្រុមហ៊ុនភ្នាក់ងារកក់បន្ទប់ស្នាក់នៅតាមអ៊ីនធឺណិត Booking និង Airbnb  បានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។

ក្រុមហ៊ុន Netflix Inc៖ និយាយនៅថ្ងៃទី 6 ខែមីនាថា ក្រុមហ៊ុន បានបញ្ឈប់សេវាកម្មនៅក្នុងប្រទេសរុស្ស៊ី។ សេវាកម្មស្ទ្រីមវីដេអូកម្សាន្ត ក៏បានផ្អាកគម្រោង និងការទិញយកពីក្នុងប្រទេសរុស្ស៊ីនាពេលអនាគតទាំងអស់ ។

Spotify ៖ ក្រុមហ៊ុនស្ទ្រីមអូឌីយ៉ូ តន្រ្តី បានបិទការិយាល័យរុស្ស៊ីរបស់ខ្លួនដោយគ្មានកំណត់ និងបានលុបខ្លឹមសារទាំងអស់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RT និង Sputnik ។

ក្រុមហ៊ុន Sony, Nintendo,  និង EA (FIFA)

Sony បាននិយាយកាលពីថ្ងៃទី 9 ខែមីនា ថាបានបញ្ឈប់ការលក់ PlayStation (Console និង Software ) នៅក្នុងប្រទេសរុស្ស៊ី ខណៈដែល PlayStation Store នឹងលែងមាននៅក្នុងប្រទេសនេះ។ Nintendo ក៏បានផ្អាកការលក់ ឧបករណ៍លេងហ្គេមផងដែរ។

Electronic Arts (EA) ដែលជាម្ចាស់សិទ្ធិផ្តាច់មុខរបស់ FIFA បានហាមឃាត់ការលក់ រួមមានហ្គេម មាតិកាកម្សាន្តផ្សេងទៀត។

PayPal

ក្រុមហ៊ុនទូទាត់ប្រាក់តាមអ៊ីនធឺណិតបានបិទសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី 5 ខែមីនា បន្ទាប់ពីខ្លួនបានបញ្ឈប់ការទទួលយកអ្នកប្រើប្រាស់ថ្មីនៅក្នុងប្រទេសរុស្ស៊ីកាលពីដើមសប្តាហ៍។

ក្រុមហ៊ុន Intel

ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក បានប្រកាសកាលពីថ្ងៃទី 3 ខែមីនាថា ខ្លួនបានបញ្ឈប់ការនាំចេញផលិតផលរបស់ខ្លួនទៅកាន់អតិថិជន នៅក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារុស្ស។

ក្រុមហ៊ុន IBM

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបាននិយាយនៅថ្ងៃទី 7 ខែមីនាថាខ្លួនបានបញ្ឈប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី

ក្រុមហ៊ុន CISCO 

ក្រុមហ៊ុនផលិតឧបករណ៍បណ្តាញNetwork និយាយថា ខ្លួនបានផ្អាកប្រតិបត្តិការអាជីវកម្មទាំងអស់ រួមទាំងការលក់ និងសេវាកម្មនៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស្ស។

ក្រុមហ៊ុន Qualcomm

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អាមេរិក កាលពីថ្ងៃទី 16 ខែមីនា បានលើកឡើងថា ខ្លួនបានបញ្ឈប់ការលក់ផលិតផលទៅឱ្យក្រុមហ៊ុនរុស្ស៊ីរួចហើយ ស្របតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ក្រុមហ៊ុន Oracle ៖ ក្រុមហ៊ុនសូហ្វវែរសម្រាប់ធុរកិច្ចធំៗ បានបង្ហោះនៅលើ Twitter កាលពីថ្ងៃទី 2 ខែមីនាថា ខ្លួនបាន "ផ្អាកប្រតិបត្តិការទាំងអស់រួចហើយ" នៅក្នុងប្រទេសរុស្ស៊ី ។

ក្រុមហ៊ុន Nokia ៖ ក្រុមហ៊ុនផលិតឧបករណ៍ Network (ផ្គត់ផ្គង់ MTS, Vimpelcom, Megafon និង Tele2) បាននិយាយកាលពីថ្ងៃទី 1 ខែមីនាថា ខ្លួននឹងបញ្ឈប់ការចែកចាយទៅកាន់ប្រទេសរុស្ស៊ី ។

ក្រុមហ៊ុន Ericson ៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ស៊ុយអែត ក៏បានសម្រេចចិត្តផ្អាកការដឹកជញ្ជូនទាំងអស់ទៅកាន់អតិថិជននៅក្នុងប្រទេសរុស្ស៊ី៕