បច្ចេកវិទ្យា៖ ថាសផ្ទុកទិន្នន័យប្រភេទ PCIe SSDs ប្រើបច្ចេកវិទ្យាចុងក្រោយ ដែលល្អជាង និងលឿនជាង ថាស SATA SSDs។ ថាសទាំងពីរនេះមានចំនុចខុសគ្នា និងតម្លៃក៏ខុសគ្នា។  អត្ថបទមុន យើងបានលើកឡើងពី ភាពខុសគ្នានៃ HDD និង SSD។ តែខាងក្រោមនេះយើងនឹងធ្វើការប្រៀបធៀប ពីរប្រភេទនៃ SSDម្ដង៖

តើថាស PCIe SSD ជាអ្វី? 

ថាស PCIe SSD (Peripheral Component Interconnect Express) ជាការភ្ជាប់ទិន្នន័យដោយផ្ទាល់ទៅ motherboard ។ ថាសប្រភេទនេះ ត្រូវបានគេចាប់អារម្មណ៍ជាង តែក៏មានតម្លៃថ្លៃជាងថាស SATA SSDs។ 

ជាទូទៅ គេត្រូវការថាសផ្ទុកទិន្នន័យ(ដ្រាយ) ដើរស្របគ្នាជាមួយ ក្រាហ្វិចកាត (GPUs) ដែលផ្ដល់នូវការភ្ជាប់ទិន្នន័យបានរហ័ស មិនតែប៉ុណ្ណោះ​ វាក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្ទេរនិងផ្ទុកទិន្នន័យទៅវិញទៅមកផងដែរ។

ក្នុងជំនាន់នៃ PCIe 3.0 មានល្បឿន អាចផ្ទេរទិន្នន័យដ៏មានប្រសិទ្ធភាពដល់ 985MB/s ក្នុងមួយច្រក (ឧបករណ៍ខ្លះអាចមានដល់ 16ច្រក តែជាទូទៅគេច្រើនប្រើតែ 2 ទៅ 4ច្រក) ។ មកដល់ជំនាន់ PCIe 5.0 វាមានល្បឿនផ្ទេរទិន្នន័យដល់ 64GB/s។

ទោះបីជាល្បឿងលឿនបែបនេះ សម្រាប់អ្នកប្រើធម្មតា មិនអាចដឹងបាននោះទេ ព្រោះវាមានភាពខុសគ្នាបន្តិចបន្តូចប៉ុណ្ណោះ លើកលែងតែ ការផ្ទរទិន្នន័យក្នុងទំហំធំរាប់រយ GB ទើបអាចកត់សំគាល់បាន។ បែបនេះក្ដី PCIe SSD ក៏ត្រូវការថាមពលច្រើនជាង(ឆាប់ស៊ីថ្ម) ។

បចុប្បន្ននេះ PCIe SSDs មានជាប្រភេទ PCle AHCI SSD និង PCle NVMe SSD ។ ជម្រើសដែលល្អ នោះគឺ PCle NVMe SSDសូមអាន៖ ភាពខុសគ្នានៃ  PCIe AHCI SSD និង PCIe NVMe SSD។

SATA SSD គឺជាអ្វី?

SATA (Serial ATA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2003 វាគឺជាចំណុចតភ្ជាប់ Interface ដែលប្រើដោយ SSD ដើម្បីទំនាក់ទំនងទិន្នន័យជាមួយប្រព័ន្ធដំណើរការកុំព្យូទ័ររបស់អ្នក។ នាពេលបច្ចុប្បន្ននេះ SATA ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងទីផ្សារ។

SATA SSD ងាយស៊ីគ្នាជាមួយឧបរណ៍ផ្សេងៗទៀត នៃបណ្ដាញកុំព្យូទ័រ មានន័យថា វាដំណើរការបានស្ទើរតែគ្រប់កុំព្យូទ័រ មិនថាចាស់ឬថ្មី។ បែបនេះក្ដី ល្បឿដំណើររបស់ SATA SSD នៅខ្សោយ ដែលក្នុងពេលបច្ចុប្បន្ន ជំនាន់ SATA 3.0 ល្បឿនផ្ទេរទិន្នន័យ ខ្ពស់បំផុតនៅត្រឹមតែ 6GB/s ដែលខុសឆ្ងាយពី PCIe SSD។

ដូចបញ្ជាក់ខាងលើ ករណីដែលអ្នកប្រើប្រាស់ធម្មតា ល្បឿន SATA SSD នេះ អ្នកមិនអាចឃើញភាពខុសគ្នាឆ្ងាយនោះទេ ជាមួយ PCIe SSD។ ថែមទាំងមានតម្លៃទាបជាង PCle SSD ស្ទើរតែពាក់កណ្ដាល

តើប្រភេទណាល្អជាង?

ថាសផ្ទុកទិន្នន័យ PCIe SSD មានល្បឿនលឿនពិតមែនធៀបនឹង SATA SSD តែតម្លៃក្នុងទីផ្សារបច្ចុប្បន្ន នៅខ្ពស់ជាងឆ្ងាយណាស់។ បើការជ្រើសរើសលើតម្លៃ យើងខ្ញុំសូមណែនាំប្រភេទ SATA SSD សម្រាប់អ្នកប្រើប្រាស់ជាទូទៅ ដែលមិនតម្រូវការផ្ទរទិន្នន័យធំៗ ជាប្រចាំថ្ងៃនោះ៕