បច្ចេកវិទ្យា៖ ក្រុមហ៊ុន Apple តែងតែទទួលរងនូវការមិនពេញចិត្តពីអ្នកអភិវឌ្ឍន៍កម្មវិធី APP ចំពោះការកាត់កម្រៃ ៣០ ភាគរយ ដោយដាច់ខាតត្រូវប្រើសេវាបង់ប្រាក់របស់ក្រុមហ៊ុន Apple ។ តែចាប់ពីឆ្នាំក្រោយ (២០២២) អ្នកអភិវឌ្ឍន៍កម្មវិធី APP ខ្លះនឹងអាចគេចផុតពីការបង់កម្រៃជើងសារនេះ។
ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងធ្វើបច្ចុប្បន្នភាព App Store នៅដើមឆ្នាំ ២០២២ ដើម្បីអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី APP ដែលគេហៅថា“ reader app” បន្ថែមតំណភ្ជាប់ក្នុងកម្មវិធីទៅគេហទំព័រ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតគណនីនិងទូទាត់ប្រាក់បាន។ ក្រុមហ៊ុន Apple បានកំណត់ប្រភេទ Reader ថាជាកម្មវិធី APP ដែលផ្តល់ការជាវមាតិកាឬទម្រង់ជាទស្សនាវដ្តីឌីជីថល កាសែត សៀវភៅ អូឌីយ៉ូ តន្ត្រី និងវីដេអូជាដើម។
ការប្រកាសបែបនេះ បន្ទាប់ពីការបញ្ចប់ការស៊ើបអង្កេតដោយគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌ជប៉ុន ហើយការផ្លាស់ប្តូរនេះទៀតសោត នឹងគ្របដណ្តប់លើកម្មវិធីប្រភេទ reader ទាំងអស់នៅជុំវិញពិភពលោក៕