យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបង្អស់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជា និងសិង្ហបុរី ឈានដល់ ១.១ ពាន់លានដុល្លារនៅចុងខែសីហា។ បច្ចុប្បន្នសិង្ហបុរីក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំមួយសម្រាប់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន។
ទិន្នន័យ GDCE បានបង្ហាញថា កំណើននៃការនាំចេញទៅកាន់ប្រទេសសិង្ហបុរីគឺខ្ពស់បំផុត ក្នុងបញ្ជីនៃគោលដៅនាំចេញកំពូលទាំង ២០ របស់កម្ពុជា។ ឥឡូវនេះប្រទេសសិង្ហបុរីមានចំណែកបីភាគរយនៃការនាំចេញសរុបរបស់កម្ពុជាដែលប៉ាន់ស្មានថាមានចំនួន ១៥.៦៩ ពាន់លានដុល្លារត្រឹមដំណាច់ខែសីហា ឆ្នាំ ២០២៣។
នៅក្នុងខែសីហា ឆ្នាំ ២០២៣ តែមួយ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសិង្ហបុរីបានកត់ត្រាកំណើនចំនួន ៥៥៦.៥ ភាគរយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ពី ៤.៣ លានដុល្លារដល់ ២៨.៨ លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីរួមមាន គុជខ្យង ត្បូងមានតម្លៃ លោហៈ ធាតុកៅស៊ូ សម្លៀកបំពាក់ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក និងស្បែកជើង។
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា នាពេលឆាប់ៗនេះ ក្រុមប្រតិភូមកពីប្រទេសសិង្ហបុរី នឹងជួបជាមួយមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ដើម្បីស្វែងយល់ពីលទ្ធភាពនៃការនាំចូលកសិផលបន្ថែមទៀតកម្ពុជា៕