Image

មនុស្សម្នាក់ៗតែងជួបការសម្រេចចិត្តតូច ឬធំទៅតាមពេលវេលា វ័យរបស់ខ្លួន មុខងារ ភារកិច្ច ក៏ដូចជាកិច្ចការរកស៊ីដែលត្រូវជួបក្នុងការរស់នៅប្រចាំថ្ងៃ។ យ៉ាងណាមិញ ការធ្វើការសម្រេចចិត្តគ្រប់គ្នាតែងប្រាថ្នាធ្វើវាឡើងឱ្យបានល្អប្រសើរជៀសវាង ការខកចិត្ត ខកបំណងនៅថ្ងៃក្រោយ។ ជាពិសោធដែលមនុស្សជាច្រើនបានជួប និងចែករំលែកជាចំណុចរួម៦ចំណុច ក្រមាក៏សូមដាក់បង្ហាញដូចខាងក្រោមនេះ៖

. ផ្តល់ពេលវេលាខ្លួនឯងបន្តិចបើអាច

បើនៅក្នុងការប្រកួតបាល់ទាត់មួយប្រាកដណាស់ វាតម្រូវឱ្យអ្នកត្រូវសម្រេចចិត្តភ្លាមៗថា ត្រូវស៊ុត ឬបញ្ជូនឱ្យដៃគូហើយត្រូវធ្វើភ្លាមៗមិនបង្អង់ ព្រោះពេលវេលាមានកំណត់ ហើយវាជាការប្រកួតប្រជែង។ ប៉ុន្តែករណីសម្រេចចិត្តខ្លះជារឿងមួយផ្សេង ហើយមានឥទ្ធិពលរយៈពេលវែង ដូចនេះការសម្រេចចិត្តគឺតម្រូវឱ្យឃ្លាតឆ្ងាយពីសម្ពាធខ្លះទើបការសម្រេចមួយបានល្អប្រសើរ មិនខកចិត្ត។ ដូចនេះការដកឃ្លាខ្លះ ក្នុងពេលសមគួរមួយសម្រាប់គិតពិចារណាលើបញ្ហាដែលជួបជម្រើសដែលត្រូវជ្រើស ដូចនេះអ្នកនឹងអាចរកបានជម្រើសប្រសើរមួយ ហើយភាពប្រាកដចិត្តមិនរារែកក្នុងជម្រើសដែលអ្នកបានជ្រើសយក។

. ចេញបញ្ជីចំណុចល្អនិងមិនល្អ

នៅពេលជួបការសម្រេចចិត្តធំដុំពេលខ្លះអ្នកអាចនឹងពិបាកមើលឃើញភាពច្បាស់លាស់ណាមួយ ពោលគឺពិបាកសម្រេច។ ដូច្នេះសរសេរបញ្ជីមួយឡើង ដៅចេញពីចំណុចល្អ និងលក្ខណៈមិនល្អទៅលើជម្រើសនីមួយៗដែលយើងនឹងសម្រេចហើយប្រៀបធៀបថ្លឹងថ្លែងគ្នា។ ពេលខ្លះអ្នកអាចឃើញចម្លើយច្បាស់មកវិញ ប៉ុន្តែករណីខ្លះល្អដោយឡែក ពោលគឺជម្រើសមួយណាក៏ល្អដែរ ដូច្នេះអ្នកត្រូវសម្រេចយកមួយ។ 

. គិតអំពីគោលដៅនិងគុណតម្លៃអ្នក

ចំណុចដែលអ្នកអាចយកមកពិចារណាផងដែរនោះគឺគោលដៅរបស់អ្នកជាអ្វី ហើយអ្វីជាគុណតម្លៃរបស់អ្នកផ្ទាល់ តើវាផ្តល់ផលប៉ះពាល់លើអ្នកនិងអ្នកផ្សេងឬទេ? គឺជារឿងសំខាន់ដែលអ្នកគួរស្មោះត្រង់ចំពោះខ្លួនឯងព្រោះជម្រើសរបស់អ្នកជាតម្លៃ និងលទ្ធផលរយៈពេលយូរអង្វែងទៅមុខ ព្រមទាំងជាអ្វីដែលធ្វើឱ្យអ្នករីករាយនឹងជម្រើសនោះយ៉ាងពិតប្រាកដ។

. សរសេរចេញនូវអ្វីដែលអាចកើតឡើង

ពិតមែនការធ្វើការសម្រេចចិត្តមួយ នឹងអាចចេញជាលទ្ធផលជាច្រើន ពេលខ្លះមិនអាចស្មានមុនបាន។ដូចនេះ ការពិនិត្យពិច័យគ្រប់ទិដ្ឋភាព មិនគ្រាន់តែចំណុចល្អ និងមិនល្អ ប៉ុន្តែអ្វីដែលជាចំណុចអាចកើតមានបានអ្នកគួរតែសរសេរវាចេញ។

. សុំយោបល់ពីមនុស្សផ្សេងៗ

ពេលមួយអ្នកមិនអាចសម្រេចបាន ដោយហេតុថាបទពិសោធនៅខ្វះចន្លោះខ្លះប៉ុន្តែអ្នកអាចសុំជំនួយពីអ្នកផ្សេងៗ ជាមតិយោបល់ ការយល់ឃើញ ទៅតាមបទពិសោធប្លែកៗរបស់ពួកគាត់ដែលអ្នកនឹងអាចជួប និងឮ។ ជាចុងក្រោយអ្នកអាចសរុបសេចក្តីពីមតិយោបល់នោះរួចអ្នកជាអ្នកសម្រេចដោយការថ្លឹងថ្លែងពិចារណារបស់អ្នក។

. ពិចារណាជម្រើសអ្នកម្តងទៀត

ពិតមែន ករណីដែលមានចំណុចថ្មីៗដែលគួរពិចារណា អ្នកក៏អាចយកវាមកពិនិត្យមើល ដែលពេលខ្លះជម្រើសដែលបានព្រាងជ្រើសហើយ នៅមិនទាន់សមប្រកបដោយហេតុកត្តាថ្មីៗនោះ បាននាំឱ្យអ្នកឃើញច្បាស់នូវអ្វីដែលជ្រើសព្រាងនោះមិនសមដូចនេះអ្នកអាចគិតឡើងវិញ ហើយជាចុងក្រោយអ្នកត្រូវហ៊ានសម្រេចយកជម្រើសមួយច្បាស់ រួចធ្វើវាឡើងហើយត្រូវចេះ រៀនទទួលខុសត្រូវ៕