Image

នៅពេលរាល់ព្រឹក ជាការចាប់ផ្តើមថ្ងៃថ្មីឱកាសថ្មី ក៏ចាត់ទុកដូចជាអំណោយថ្មីមួយអ្នកអាចពិចារណានូវទម្លាប់មួយដែលបុគ្គលល្បីៗភាគច្រើនធ្វើទៅតាមការណែនាំរបស់គ្រូបង្វឹករបស់ខ្លួននោះគឺការទម្លាប់និយាយលើកទឹកចិត្តខ្លួនឯងតាំងពីពេលក្រោកពីគេង រីករាយនឹងអ្វីដែលខ្លួនមានហើយបញ្ចេញភាពសកម្មផ្សេងៗជាប្រយោជន៍។ ជាការរៀនសូត្រពីចំណុចនេះ ក្រមាក៏សូមសង្ខេបជាចំណុចបង្ហាញដូចខាងក្រោមនេះ៖

. ថ្ងៃនេះជាអំណោយថ្មីដ៏ល្អ

ម្សិលមិញជាអតីត ហើយថ្ងៃស្អែកជាអាថ៌កំបាំងមិនអាចទាយដឹងហើយអ្វីដែលមានឥលូវគឺថ្ងៃនេះ។ អីចឹងហេតុអ្វីមិនចាប់ផ្តើមរកមើលរឿងល្អៗដែលមានជុំវិញខ្លួន?ទម្លាប់ចាប់ផ្តើមថ្ងៃថ្មី ជម្រះគំនិតមិនល្អចេញ មកមើលអ្វីដែលអ្នកអាចធ្វើបានអ្វីដែលត្រូវធ្វើ អ្វីដែលគួរធ្វើ អ្វីដែលអាចដោះស្រាយបានវិធីណាដែលអាចពិចារណាអនុវត្តបានជាដើម។ ការចាប់ផ្តើមថ្ងៃថ្មីដោយភាពសកម្មនិងគំនិតល្អពីអ្វីដែលអ្នកមាន នឹងផ្តល់អារម្មណ៍ល្អៗច្រើនដល់អ្នកហើយសកម្មភាពសកម្មពេញមួយថ្ងៃនឹងបន្តជាប់ដោយអារម្មណ៍ល្អ។

. ស្រលាញ់ខ្លួនអ្នក

គឺជារឿងធម្មតាដែលយើងឃើញនរណាម្នាក់មានភាពទាក់ទាញ ស្រស់ស្អាត និងមានសមត្ថភាព ជាចំណុចគួរសរសើរ ហើយទាំងនោះគឺជារឿងល្អទន្ទឹមនឹងនោះក៏មិនគួរភ្លេចមើលរំលងមនុស្សម្នាក់ដែរនោះ គឺខ្លួនឯង។ ក៏ព្រោះថា មានចំណុចល្អៗច្រើនពីខ្លួនអ្នកដែលអាចដុសខាត់ឱ្យចេញជារឿងល្អនិងជាប្រយោជន៍បន្ថែម ក៏ដូចជាសមត្ថភាព និងការរីកចម្រើន ដូចនេះកុំភ្លេចជាអ្នកមើលថែខ្លួនឯងនិងមានឱកាសរៀនសូត្របង្កើនចំណុចល្អៗពីខ្លួនឯងផ្ទាល់។

. ទទួលរឿងដែលមិនអាចផ្លាស់ប្តូរបាន

សាកគិតមើលអ្នកចំណាយពេលទៅគិតលើរឿងដែលមិនអាចគ្រប់គ្រង ឬដោះស្រាយលែងបាន និងកាន់តែគិតហើយជាលទ្ធផលនៅតែពុំបានអ្វីសោះ។ ប៉ុន្តែអ្វីដែលធ្វើបាននោះគឺអ្នកអាចបង្កើតសន្តិភាពនឹងរឿងដែលមិនអាចគ្រប់គ្រងបាននោះ ហើយទៅពិនិត្យនិងផ្តោតលើរឿងណាដែលអាចគ្រប់គ្រងបាន និងធ្វើបានឱ្យចេញជាសមិទ្ធិផល?អីចឹងហេតុដូចម្តេចមិនប្រើប្រាស់ថាមពលកាយចិត្តធ្វើរឿងនោះឱ្យជោគជ័យទៅជំនួសពីរឿងដែលមិនអាចកែប្រែបាននោះ។

Image

. ចំណេះដឹងមានច្រើនពុំមានអ្នកចេះអស់

ជារឿងធម្មតាទូទៅដែលអ្នកមិនអាចចេះ ឬដឹងគ្រប់រឿងរ៉ាវ ហើយអ្នកផ្សេងៗក៏ដូចគ្នា។ ប៉ុន្តែទន្ទឹមនឹងនោះអ្នកនៅតែអាចស្វះស្វែងបន្តរៀនសូត្រ ស្វែងយល់ និងរីកចម្រើនលូតលាស់ដោយការសិក្សាអំពីអ្វីផ្សេងៗដែលអ្នកងឿងឆ្ងល់។កុំខ្លាចក្នុងការសួរបន្ថែម និងកុំអៀនប្រៀនក្នុងការសុំជំនួយបើអ្នកពិតជាត្រូវការការជួយ។បន្ថែមពីនោះ រឿងខ្លះដែលមិនទាន់ធ្វើបានប្រសើរ ក៏គួររំលឹកថា នៅពេលមួយអ្នកនឹងបានស្វែងយល់គ្រប់និងធ្វើបានប្រសើរ បើអ្នកនៅតែបន្តស្វះស្វែងរៀន ព្រោះអ្វីៗនឹងមានពេលវេលារបស់វា។

. ទស្សនៈ និងនិយមន័យមនុស្សម្នាក់ៗមានផ្សេងៗគ្នា

មនុស្សម្នា្កក់ៗតែងមានហេតុផលនិងគំនិតផ្សេងៗគ្នាទៅតាមចំណេះដឹង បទពិសោធ បញ្ញារៀងៗខ្លួន។ ដូចនេះការបញ្ចេញទស្សនៈខ្វែងគ្នារិះគន់ ឬសរសើរតែងកើតឡើងជាធម្មតា។ យ៉ាងណាមិញ ការសម្រេច ការត្រិះរិះថ្លឹងថ្លែងថាជារឿងល្អ ឬមិនល្អ។ បើជារឿងមិនល្អអ្នកគួរកែប្រែ ហើយជារឿងល្អអ្នកគួរបន្តធ្វើបើរឿងនោះពិតជាត្រឹមត្រូវ។

. ដំណើរជីវិតគឺទៅមុខជានិច្ច

ជីវិតមានឡើង មានចុះដូចអ្នករាល់គ្នាបានដឹងស្រាប់។ ហើយរៀងរាល់ថ្ងៃអ្នកអាចសម្គាល់ឃើញមានការប្រែប្រួលផ្លាស់ប្តូរដែលនោះជាដំណើរធម្មតា។ គឺមានថ្ងៃខ្លះដែលអ្វីៗកើតឡើងមិនបានដូចអ្វីដែលរំពឹងទុក និងមានថ្ងៃខ្លះបានប្រហែលនឹងអ្វីដែលអ្នកប្រាថ្នាប៉ុន្តែអ្វីៗដែលកើតឡើង គឺយើងគួររៀនទទួលទាំងល្អ និងមិនល្អទាំងនោះ ដើម្បីធ្វើដំណើរទៅមុខស្របនឹងពេលវេលាដែលវិវឌ្ឍទៅមុខដូចគ្នា។ព្យាយាមបន្តិចម្តងៗ ប្រាប់ខ្លួនឯងពីអ្វីដែលល្អ ដែលអ្នកអាចធ្វើបាននិងអ្វីដែលអ្នកមាន ដូច្នេះជាលទ្ធផលបន្តិចម្តងៗ អ្នកនឹងឃើញពីប្រសិទ្ធិភាពនូវអ្វីដែលអ្នកខ្លួនអ្នកបានលើកទឺកចិត្តខ្លួនឯង៕