សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ព័ត៌មានមិនពិតព័ត៌មានក្លែងក្លាយដោយមិនមានប្រភពដើមច្បាស់លាស់ ឬមានទំនោរបំពុលសង្គមដោយមិនផ្សព្វផ្សាយពីខ្លឹមសារពិតត្រឹមត្រូវ ឬដើម្បីជាផលប្រយោជន៍ផ្សេងៗប៉ុន្តែជាការប៉ះពាល់ដល់អ្នកអាន ឬអ្នកប្រើប្រាស់ព័ត៌មាននៅតែកើតមាន។ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលបញ្ហានេះលោកស្រី H.CollenSinclairជាសាស្រ្តាចារ្យជំនាញផ្នែកចិត្តសាស្រ្តលើទំនាក់ទំនងសង្គមនៃសាកលវិទ្យាល័យរដ្ឋMississippi សហរដ្ឋអាមេរិកបានណែនាំជាគន្លឹះខ្លះៗដូចខាងក្រោម៖
១.ថ្លឹងថ្លែងទស្សនៈផ្ទាល់ និងគំនិតដទៃ
ចំណុចទី១មានន័យថាមនុស្សជាច្រើននិយមចែករំលែកនូវព័ត៌មានដែលមានទស្សនៈដូច និងទំនោរតាមគំនិតរបស់ខ្លួនហើយភាគច្រើនពុំបានផ្ទៀងផ្ទាត់ទៅលើប្រភពព័ត៌មាននៃទស្សនៈពីជ្រុងផ្សេងៗទៀតមកថ្លឹងថ្លែង។ នេះបើតាមការសិក្សាស្រាវជ្រាវជាច្រើនទៅលើប្រធានបទការចែករំលែកព័ត៌មាន។ ដូចនេះ ការផ្ទៀងផ្ទាត់ព័ត៌មានហើយរកប្រភពព័ត៌មានពីច្រើនប្រភព និងមាននិន្នាការកណ្តាលមិនលំអៀងជារឿងសំខាន់មួយដែលធ្វើប្រភពព័ត៌មានអ្នកទទួលបានមានភាពសុក្រិត។
២.ប្រភពព័ត៌មាន
ប្រភពព័ត៌មានដែលអ្នកអាចរកបានគឺសម្តៅលើប្រភពព័ត៌មានដែលអាចទុកចិត្តបានដូចជាប្រភពព័ត៌មានដែលយកមកពីប្រភពដើមច្បាស់លាស់សេចក្តីប្រកាសជូនដំណឹងចេញដោយអាជ្ញាធរ ឬព័ត៌មានសេចក្តីជូនដំណឹងចេញដោយស្ថាប័នលើផ្នែកជំនាញណាមួយដែលជាប្រភពដើមដែលអ្នកអាចផ្ទៀងផ្ទាត់បាន។
៣.សំណួរឆ្លងកាត់មុនអ្នកចុចចែករំលែក
ការប្រើប្រាស់ព័ត៌មានជារឿងសំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃព្រោះវាឥទ្ធិពលលើការសម្រេចចិត្តប្រចាំថ្ងៃ។ដូចនេះអ្នកអាចចាប់ផ្តើមជាគំរូពីខ្លួនអ្នកផ្ទាល់ដោយចែករំលែកព័ត៌មានដែលត្រឹមត្រូវនិងមានប្រយោជន៍ឬអាចសួរសំនួរខ្លួនឯងមួយចំនួនដូចជា៖ ១.តើនរណាជាអ្នកសរសេរព័ត៌មាននោះ? ២.តើអ្វីជាប្រភពនៃព័ត៌មាននោះ? ៣.តើព័ត៌មាននោះមានប្រភពដើមមកពីណា? ៤.ហេតុអ្វីបានជាអ្នកចង់ចែករំលែកវា? ៥.តើព័ត៌មាននោះត្រូវបានចេញផ្សាយនៅពេលណា?
៤.ហ៊ានណែនាំកែតម្រូវ និងស្វែងយល់បន្ថែម
ប្រសិនអ្នកឃើញមិត្តភក្តីឬបងប្អូនគ្រួសារអ្នកបានចែករំលែកព័ត៌មានខ្លះដែលជាព័ត៌មានមិនពិតគ្មានប្រភពដើមច្បាស់លាស់អ្នកគួរគប្បីណែនាំ និងពន្យល់ប្រាប់ដល់ពួកគាត់ជាពិសេសបើមានមិត្តភក្តិណាមួយដែលបង្ហាញព័ត៌មានពិតដល់សាធារណជន អ្នកក៏គួរលើកទឹកចិត្តដល់ពួកគាត់ដើម្បីបំបាត់ព័ត៌មានក្លែងក្លាយមួយចំនួនក្នុងសង្គម។ បន្ថែមពីនោះ អ្នកអាចស្វែងយល់បន្ថែមពីយុទ្ធសាស្រ្តមួយចំនួនដែលបង្រៀនយើងអំពីការមើលព័ត៌មានមិនពិតនិងស៊ីជម្រៅពិសេសពីប្រភពមេរៀនពីស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗ ឬវីដេអូបង្រៀនផ្សេងៗទៀតជាដើម៕