មិន​ថា​​មនុស្ស​​វ័យ​ចំណាស់ ពេញ​វ័យឬ​យុវជន គឺ​តែង​មាន​បញ្ហា​ខ្លះ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​ពួក​​គេ​។ បើ​យោង​តាម​ប្រភព​ពី​អង្គការ​សហប្រជាជាតិ បាន​ឲ្យ​ដឹង​​នៅ​ក្នុង​ឱកាស​​ទិវា​សុខភាព​ផ្លូវ​ចិត្ត​ពិភព​លោក កាលពី​ថ្ងៃ​ទី​១០ ខែ​តុលា​ ២០២០​​នេះ បាន​ឱ្យ​​ដឹង​ថា មនុស្ស​ជិត​១​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​​មាន​បញ្ហា​ផ្លូវ​ចិត្ត ហើយ​មាន​មនុស្ស​១​នាក់ស្លាប់​រៀង​រាល់​៤០​វិនាទី ពី​ការ​ធ្វើ​អត្តឃាត​។ យ៉ាង​ណា​មិញការ​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ ដោយ​ការ​រួម​គ្នា​ដោះ​ស្រាយ​គឺ​ជា​ដំណោះ​ស្រាយ​មួយ​ដែល​ ស្ថាប័ន​​សកល​មួយ​នេះបាន​​លើក​ឡើង​បង្ហាញ​ជា​​វិធី​៤​​ចំណុច​ធំ​ៗ​ដែល​មនុស្ស​ភាគ​ច្រើន​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន៖

.លើក​ទឹក​ចិត្ត​ឱ្យ​ចែក​រំលែក​អារម្មណ៍​​ចំពោះ​គ្នា​

អ្នក​អាច​សួរ​​សុខ​ទុក្ខ​ទៅ​កាន់​មិត្ត​ភក្តិថា​តើ​​ពួក​គេ​មាន​បញ្ហា​អ្វី​ខ្លះ​ អាច​ចែក​រំលែក​ឬ​អ្នក​អាច​រៀប​ចំ​​ចម្អិន​អាហារ​​ញ៉ាំ​រួម​គ្នាដើម្បី​មាន​ពេល​សួរ​សុខ​ទុក្ខ​គ្នា​។ ហើយ​ជា​មួយ​គ្នា​នោះយើង​អាច​​ពោល​ពាក្យ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដែល​​ការ​​លើក​ទឹក​ចិត្ត​នោះធ្វើ​ឱ្យ​មាន​អារម្មណ៍​កក់​ក្តៅ ក្នុង​ការ​ចែក​រំលែក​។អ្នក​អាច​ចំណាយ​ពេល​ដោយ​យក​ចិត្ត​ទុក​ដាក់ដើម្បី​ស្តាប់​ពី​អារម្មណ៍​​ចំពោះ​​បញ្ហា​ពួក​គេហើយ​អាច​លើក​សរសើរ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ប្រឹង​ប្រែង​ជម្នះ​ដោះ​ស្រាយ។​

.ចំណាយ​ពេល​ខ្លះ ជួយ​គាំ​ទ្រ​​ពួក​គេ

ចំណាយ​ពេល​វេលា​​សមគួរ​ខ្លះដើម្បី​​ចូល​រួម​សកម្មភាព​ជា​មួយ​គ្នា មិន​ថា​សមាជិក​គ្រួសារ សាច់​ញាតិឬ​មិត្ត​ភក្តិ។ ហើយ​អ្នក​ក៏​​អាច​ដឹង​ដែរ​ថាពេល​ខ្លះ​​ពួក​គេ​ក៏​ត្រូវ​ការ​ពេល​វេលា​​សម្រាប់​ខ្លួន​ឯង​ដែរប៉ុន្តែ​នៅ​ពេល​ពួក​គេ​ត្រូវ​ការ​ជំនួយ​ពី​អ្នកអ្នក​​ក៏​​អាច​ចូល​រួម​​ជួយ​ពិភាក្សា​ រិះរក​​ដំណោះ​ស្រាយ​ជួយ​ដល់​ពួក​គេប៉ុន្តែ​សូម​កុំ​ព្យាយាម​សម្រេច​ឱ្យ ឬ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ឬ​ដោះ​ស្រាយ។

.ឆ្លង​កាត់​បញ្ហា​តាន​តឹង​​ខ្លះ ​​​​​

​​​​បើ​មាន​បញ្ហា​ខ្វែង​គំនិត​គ្នាអ្ន​​ក​ក៏​អាច​មាន​ពេល​ស្តាប់​ពួក​គេ​ដើម្បី​អាច​​មាន​ពេល​ពិចារណា​​ច្រោះ​យក​នូវ​អ្វី​ដែល​ជា​ទំនាស់​ខ្វែង​​គំនិត​គ្នា​។អ្នក​គួរ​ចាំ​ថា មនុស្ស​គ្រប់​គ្នា​សុទ្ធ​​សឹង​តែ​ជួប​បញ្ហា​ស្រ្តែស​ ដូច​នេះពុំ​គួរ​ជជែក​វែក​ញែក​ នៅ​ពេល​អារម្មណ៍​ខឹង​ ឬ​អារម្មណ៍​មិន​ល្អ​នោះ​ឡើយ។ អ្នក​អាច​រក​កន្លែង​ណា​សមរម្យ​សម្រាក​ ដក​ដង្ហើម​ រួច​​សឹម​ពិភាក្សា​នៅ​ពេល​អារម្មណ៍​បាន​ស្រស់​ថ្លា។ គួរ​ចាំ​ថានៅ​ពេល​វេលា​​សម​គួរ អ្នក​អាច​មាន​ពេល​ពិចារណា​នូវ​​របៀប​ដែល​អ្នក​ដោះ​ស្រាយនិង​របៀប​ដែល​មិត្ត​ភក្តិ​ដែល​ខ្វែង​គំនិត​គ្នា​ដោះ​ស្រាយ ដូច​នេះ​នឹង​អាច​រក​ឃើញ​ពី​ដោះ​ស្រាយ​រួមដោយ​​មិន​ឱ្យ​​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​ទាំង​សង​ខាង​ទៀត​ផង។

.មើល​ថែ​សុខភាព​អ្នក​

នៅ​ពេល​យើង​ជា​អ្នក​ជួយ​ចែករំលែកនិង​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​គ្រប់​គ្នា យ៉ាង​ណា​​ក៏​ខ្លួន​ឯង​ត្រូវ​ការ​​ការ​មើល​ថែ និង​លើក​ទឹក​ចិត្ត​សម្រាប់​ខ្លួន​ឯង​ផង​ដែរ​។ការ​ជួយ​គាំ​ទ្រ​ និង​រក្សា​សុខភាព​ខ្លួន​​ឯង គឺ​ជា​គំរូ​ល្អ​មួយដែល​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​ដល់​អ្នក​ដទៃ​ ដែល​គំរូ​ល្អ​នោះ​មាន​ដូច​ជា​៖

·        សុំ​ជំនួយ​នៅ​ពេល​មាន​បញ្ហាដែល​នេះ​ជា​រឿង​ធម្មតា​ និង​ជា​រឿង​ល្អហើយ​អ្នក​អាច​រក​និយាយ​ចែក​រំលែក​បញ្ហា​ក្នុង​ចិត្ត​ជា​មួយ​គ្រួសារឬ​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត​។

·        មាន​ពេល​វេលា​ខ្លះដើម្បី​អ្នក​អាច​សម្រួល​ និង​បំបាត់​ស្រ្តេស​​ដើម្បី​សុខភាព​របស់​អ្នកដូច​ជា​ការ​សម្រាក ការ​ធ្វើ​លំហាត់​ប្រាណការ​រីក​រាយ​នឹង​សកម្មភាព​ដែល​​ជា​ចំណូល​ចិត្ត​របស់​អ្នកឬ​សកម្មភាព​ថ្មី​ៗ​ជា​ដើម៕ ​