ការបង្កើតជាក្រុម ជាស្ថាប័ន ចងជាសម្ព័ន្ធរួមបញ្ចូលគ្នាដើម្បីសម្រេចកិច្ចការងារណាមួយ គឺត្រូវបានចាត់ជាគំនិតច្នៃប្រឌិតអស្ចារ្យមួយនៃប្រវត្តិសាស្រ្តមនុស្សយើង។ តាមរយៈក្រុម គេអាចបង្កើនគុណភាពលើតម្លៃទៅសម្រេចលើគោលដៅមួយដែលភាគច្រើន គំនិតតែមួយ ឬការធ្វើម្នាក់ឯងមិនអាចសម្រេចបាន។
ផ្អែកតាមការស្រាវជ្រាវជាច្រើនបានលើកឡើងនូវចំណុចរួម៣ធំៗ ដែលធ្វើឱ្យក្រុមការងារមួយច្រើនមានប្រសិទ្ធិភាពក្នុងការសម្រេចទិសដៅ ហើយសមាជិកនៃក្រុមការងារក៏សិក្សាស្វែងយល់ពីចំណុចនេះក្នុងការពង្រឹងគុណភាពក្រុមផងដែរដែលមានដូចជា៖
១.គំនិតឬបញ្ញាផ្សេងៗពីគ្នា ឬដទៃពីគ្នាច្រើន
ចំណុចនេះបានសម្តៅទៅលើគ្រប់លទ្ធភាពនៃសមាសភាពក្រុមដែលមានដូចជា គំនិតទស្សនៈ បទពិសោធ និងចក្ខុវិស័យ។ សមាជិកដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាច្រើនគឺច្រើនមានបទពិសោធគំនិតផ្សេងៗគ្នា តែនៅពេលពួកគេធ្វើការជាមួយគ្នាដើម្បីសម្រេចកិច្ចការមួយគឺច្រើនមានឱកាសដោះស្រាយបញ្ហាមានប្រសិទ្ធិភាពជាងក្រុមដែលមានបទពិសោធដូចៗគ្នា។ ដូចនេះ ការសមាសភាពក្រុមដែលមានការអប់រំគឺបទពិសោធជីវិតពីមជ្ឈដ្ឋានខុសៗគ្នាច្រើន គឺអាចមើលឃើញភាពខ្វះចន្លោះច្រើនដែលនេះ មេក្រុមគឺអាចសំយោគយកគំនិតល្អនិងប្រសើរជាងគេទៅអនុវត្តសម្រេចកិច្ចការ។
២.ភាពកក់ក្តៅនៃការចែករំលែកអារម្មណ៍ និងគំនិត
ចំណុចសំខាន់មិនអាចខ្វះបានដើម្បីឱ្យក្រុមការងារមួយមានប្រសិទ្ធិភាពក្នុងការសម្រេចកិច្ចការងារនោះគឺភាពកក់ក្តៅ នៃការចែករំលែកគំនិត និងយោបល់ផ្សេងៗ។ ក្រុមការងារជាច្រើនច្រើនមានបញ្ហាមួយនេះដែលជាទូទៅគុណភាពការងារក៏អាស្រ័យទៅលើមតិយោបល់ដែលចូលរួមពេញលេញពីគ្រប់សមាជិកក្រុមផងដែរ។ ដូចនេះ វាអាស្រ័យមេក្រុមដឹកនាំដែលចេះដឹកនាំសម្របសម្រួលឱ្យសមាជិកក្រុមគ្រប់រូបមានភាពកក់ក្តៅថាគំនិតពួកគេម្នាក់ គឺមិនត្រូវបានមើលរំលង ឬរិះគន់ ប៉ុន្តែជាការចែករំលែកក្នុងទិសដៅសម្រេចកិច្ចការក្រុមដោយគុណភាពទៅវិញ។ ដូចនេះការធានាថាកូនក្រុមអាចបញ្ចេញគំនិត ឬមតិយោបល់ក្នុងក្រុមដោយពុំមានភ័យបារម្ភ ឬខ្លាចរអារ ជារឿងល្អមួយសម្រាប់ភាពរីកចម្រើននៃក្រុមដែលមេដឹកនាំក្រុមអាចពិចារណា។
៣.គោលដៅដែលត្រូវក្រុមត្រូវព្យាយាមបំពេញ
ចំណុចទី៣ ដែលគ្រប់ក្រុមគួរមានសម្រេចប្រសិទ្ធិភាពការងារនោះគឺដឹងពីគោលដៅរួម ឬបុព្វហេតុដែលក្រុមត្រូវពុះពារប្រឹងប្រែងបំពេញដែលសម្តៅទៅលើចក្ខុវិស័យច្បាស់លាស់គោលបំណង ស្នូលរបស់ក្រុម ឬលទ្ធផល។ ដូច្នេះនៅពេលដែលគ្រប់សមាជិកយល់ច្បាស់ពីទិសដៅរួមរបស់ក្រុម និងហេតុផលអ្វីដែលត្រូវពុះពារឆ្ពោះទៅសម្រេចការងារនោះប្រសិទ្ធិភាពនឹងកើនឡើងសម្រាប់ក្រុម។
សរុបមកក្រុមការងារមួយដែលមានប្រសិទ្ធិភាពច្រើនមានធាតុសំខាន់ៗ៣នេះ៖គំនិត ឬបញ្ញាផ្សេងៗពីគ្នា ភាពកក់ក្តៅ នៃការចែករំលែកគំនិត គោលដៅដែលត្រូវក្រុមត្រូវព្យាយាមបំពេញ។
ហើយធាតុសំខាន់ៗទាំងបីក៏ត្រូវការភាពដឹកនាំទាំងសមាជិកម្នាក់ៗ ឬជាមេក្រុមដឹកនាំ។ ហើយក្រុមមួយ គឺត្រូវការអ្នកដឹកនាំដែលយល់ថាពេលណាដែលត្រូវការគំនិតផ្សេងៗ និងការបង្កើតភាពកក់ក្តៅក្នុងការបញ្ចេញមតិយោបល់ក៏ដូចជា ការពន្យល់ពីបុព្វហេតុ ឬទិសដៅច្បាស់លាស់របស់ក្រុមដើម្បីធ្វើឱ្យក្រុមមួយមានប្រសិទ្ធិភាព៕