នៅថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកខុទ្ទកាល័យ ប្រធានមន្ទីរ និង មន្ត្រីជំនាញបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក និងជួបសំណេះសំណាលផ្ទាល់ជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សហគមន៍កសិករប្រើប្រាស់ទឹកទាំងអស់ឱ្យជួយថែរក្សាសមិទ្ធផលដែលមានស្រាប់ និងបានគាំទ្រសំណើមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ សម្រាប់គម្រោងជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល និងប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រំ។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ដែលស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ជាប្រព័ន្ធធារាសាស្រ្តមួយមានលក្ខណៈពេញលេញ ដែលមានសមត្ថភាពផ្តត់ផ្គង់ទឹក ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ២៧០០០ហិកតា និងស្រូវប្រាំងចំនួន ៩០០០ហិកតា។ ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិលមានសក្តានុពលផ្តល់ជាប្រភពទឹកប្រើប្រាស់ខួបប្រាំងខួបវស្សា ដល់កសិករទទួលផលប្រមាណជិត ៤ម៉ឺននាក់។
ក្នុងថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តចុះត្រួតពិនិត្យទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជាគម្រោងមួយទទួលបានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។
គួរបញ្ជាក់ថា ការសាងសង់ទំនប់ដូនទ្រីស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង គឺក្នុងគោលបំណង ដើម្បីផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ប្រព័ន្ធធារាសាស្រ្តដែលស្ថិតនៅផ្នែកខាងក្រោមនៃអាងស្ទឹងដូនទ្រី និងដើម្បីកាត់បន្ថយគ្រោះទឹកជំនន់បានមួយភាគនៅតំបន់ផ្នែកខាងក្រោមបឹងទន្លេសាប។ ទំនប់ដូនទ្រីជាទំនប់ ដែលមានផ្ទៃរងទឹកភ្លៀងធំរហូតដល់ ៦១៣,៤គីឡូម៉ែត្រក្រឡា មានសមត្ថភាពស្តុកទឹកបានរហូតដល់ ១៦៣,១លានម៉ែត្រគូប និងមានសក្តានុពលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣៣០០០ហិកតា និងស្រោចស្រពផ្ទៃដីស្រូវប្រាំង ៤៥០០ហិកតា។
ក្រុមហ៊ុនសាងសង់បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារផងដែរថា វឌ្ឍនភាពការសាងសង់ទំនប់ដូនទ្រី មកដល់បច្ចុប្បន្ន សម្រេចបាន ៧១% និងគ្រោងបញ្ចប់ការងារទាំងស្រុងនៅចុងឆ្នាំ២០២៥ ខាងមុខ៕









