រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន «ស.ជ.រ.ម»នៃក្រសួងមហាផ្ទៃ។

មន្រ្តីដែលត្រូវបានតែងតាំងនៅថ្ងៃនេះរួមមាន 

  • ឯកឧត្តម សូ មុនីរក្សា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ២ ជានាយកសាលាជាតិរដ្ឋបាល មានបុព្វសិទ្ធិស្មើអគ្គនាយក
  • លោកស្រី ជី ច័ន្ទរស្មី ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ២ ជានាយករងសាលាជាតិរដ្ឋបាល មានបុព្វសិទ្ធិស្មើ អគ្គនាយករង
  • លោកស្រី ម៉ៅ ម៉ាលីស ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ ជាប្រធាននាយកដ្ឋានកិច្ចការទូទៅ
  • លោក លី ពៅមណីរ័ត្ន ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៣ ជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ
  • លោក ឯមតាន់ សុផានិត ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ៤ ជាប្រធាននាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម សូ មុនីរក្សា តំណាងមន្រ្តីដែលទទួលបានការតែងតាំងថ្មី បានបេ្តជ្ញាគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ព្រមទាំងបេ្តជ្ញាខិតខំបំពេញបេសកកម្មរបស់ក្រសួង និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកដោយវិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ក្រោមការគាំទ្រ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំដទៃទៀត។

ឯកឧត្តម សូ មុនីរក្សា បានសម្តែងនូវគារវកិច្ចប្រកបដោយការដឹងគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេចក្តីទុកចិត្ត និងឱកាសដ៏ថ្លៃថ្លាក្នុងការរួមចំណែកបំពេញបេសកកម្ម និងតួនាទី ភារកិច្ចនេះ 

សម្តេចក្រឡាហោម ស ខេង មានជំនឿយ៉ាងមុតមាំថានាយក នាយករង និងប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នឹងបន្តខិតខំប្រឹងប្រែងពង្រឹងភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដឹកនាំ ព្រមទាំងសម្របសម្រួលការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

សម្តេចក្រឡាហោម បានណែនាំដល់មន្រ្តីនៃ សាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យខិតខំធ្វើយ៉ាងណា បំពេញ និងលើកកម្ពស់បេសកកម្មរបស់ខ្លួន ធ្វើឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋានក្លាយជាសាលាមានលក្ខណៈទំនើប វិជ្ជាជីវៈ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជូនសង្គមជាតិ ក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យទទួលបានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកបដោយសមត្ថភាពខ្ពស់៕