«ខ្ញុំ​តែង​តែ​មាន​គំនិត​ចង់​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន ​តាំង​ពី​ក្មេង​មក​ អាច​ថា ​មាន​ឈាម​កាត់​ចិន​ក៏​ថា​បាន​»​និយាយដោយមាន​ភាព​ជឿជាក់​របស់​អ្នក​ស្រី កែវ សុចិន្តា អគ្គនា​យក​ក្រុម​ហ៊ុន ​សេវា​កម្ម​បង់​ពន្ធ​អា​ករ Emerald Agency Limited។​

វ័យ ៣២ ឆ្នាំ អ្នក​ស្រីកែវ សុ​ចិន្តា ទើប​តែ​សម្រេច​ចិត្ត ​បើក​ក្រុម​ហ៊ុន​មួយ​ផ្ទាល់​ខ្លួន​ ព្រោះ​យល់​ថា​វា​ដល់​ពេល​ រួម​ទាំង​មាន​លទ្ធ​ភាព និង​ចំនេះ​ដឹង​ច្បាស់​លាស់ ​ខាង​ផ្នែក​ពន្ធដារ​នេះ​ដែល​ជា​សេវាកម្ម​ចាំ​បាច់​របស់​ទី​ផ្សារ​ការងា​រ​បន្ចុប្បន្ន​។

អ្នកស្រីកែវ សុចិន្តា បន្ត​ថា​៖ «ការ​បង់​ពន្ធ​ដារ​ ជា​រឿង​ចាំ​បាច់​របស់​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដែល​តម្រូវ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ ដើម្បី​បើក​ដំណើរ​ការ និង​ប្រតិ​បត្តិ​ការ​ លើ​អាជីវ​កម្មសេវា​កម្ម និង​មុខ​របរគ្រប់​ប្រភេទ​ ដូច្នេះ​តម្រូវ​ការ​បង់​ពន្ធ​ វា​ជា​ការ​សំខាន់​ហើយ​ក្រុម​ហ៊ុន​ជា​ច្រើន ​ចំា​បាច់​ត្រូវ​ការ​អ្នក​ជំនាញ​ដើម្បី​បណ្តុះ​បណ្តាល​ ដល់បុគ្គលិក​របស់​ខ្លួន​ថែម​ទាំង​ជំនួយ​ដល់​ដំណើរ​ការ ​បង់​ពន្ធ​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​»។

ដោយសារ​មាន​លក្ខណៈ​ចាំបាច់​ក្នុង​ការ​បង់​ពន្ធ​ជួន​រដ្ឋ​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ឱ្យមាន​ប្រសិទ្ធ​ភាព​ដូច​ដែល​អ្នក​ស្រីកែវ សុ​ចិន្តា​លើក​ឡើង​ Emerald Agency Limited ត្រូវ​បាន​បង្កើត​ឡើយ​ដើម្បី​ដោះស្រាយ​បញ្ហា​បង់ពន្ធ​ដារ​របស់​ក្រុម​ហ៊ុន​ទាំង​ឡាយ​ មិន​ថា​ក្រុម​ហ៊ុន​ជា​តិ​ក្តីឬ​ក្រុម​ហ៊ុន​វិនិយោគអ​ន្តរជាតិ​ក្តី​។

អ្នក​ស្រី សុ​ចិន្តា​បាន​លើក​ឡើង​ថា​ ការ​បើក​មុខ​ជំនួញ​ គឺ​ជា​ការ​បង្កើត​ឱកាស​ដល់​ខ្លួន​ឯង​ នឹង​ការ​ចែក​រំលែក​ដល់​អ្នក​ដទៃ​ការដែល​បើក​ក្រុម​ហ៊ុន​នេះ​ឡើង ​គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​សង្គម​ និង​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ថែម​ទៀត​ផង​។​

អ្នក​ស្រី ប្រធាន​ក្រុម​ហ៊ុនដ៏​ស្រស់​ស្អាត​រូបនេះ​បន្ត​ថា៖ «ដោយ​មើល​ឃើញ​ឱកាស​ល្អ ហើយ​នាង​ខ្ញុំ​ក៏​មាន​សមត្ថភាព​គ្រប់​គ្រាន់​ផង​និ​យាយ​ទៅ​ គឺ​មាន​ដើម​ទុន​ខ្លួន​ឯង ​ដើម្បី​បង្កើត​មុខ​របប​នេះ​ នាង​ខ្ញុំ​មិន​បាន​គិត​គូរ​ច្រើន​ទេ​ហើយ​ក៏​សម្រេច​ចិត្ត​លាង​លែង ​តំណែង​នៅ​ក្រុម​ហ៊ុន​លំដាប់​អន្តរ​ជាតិ​នោះ​...»។

ជាក់​ស្តែង​លំដាប់​តំណែង​ការងា​រ​របស់​អ្នក​ស្រីសុ​ចិន្តា​ អាច​ទទួល​បាន​ប្រាក់​បៀវត្តន៍​ មិន​ចាញ់​បរទេស​នោះ​ឡើយ​ តែ​ដើម្បី​ផ្លាស់​ប្តូរ​ដំណើរ​ជីវិត​លើមុខ​ជំនួញ​វិញ អ្នក​ស្រី​ហាក់​មិន​រា​រែក​ នឹក​ស្តាយ​ប្រាក់​បៀវត្តន៍​រាប់​ពាន់​ដុល្លា​រមក​បើក​ជំនួញ​ ក្នុង​ដើម​ទុន​​ជាង​ ១ម៉ឺន​ដុល្លារ​។

អ្នក​ស្រី​ កែវ សុ​ចិន្តាបញ្ជាក់​ថា​៖ «ក្នុង​ការ​បើក​ក្រុម​ហ៊ុន​នេះ​ មិន​ជា​ត្រូវ​ការ​ដើម​ទុន​ច្រើន​នោះ​ទេ​ព្រោះ​យើង​ជា​ក្រុមហ៊ុន​ផ្តល់​សេវា ​ខាង​ផ្នែក​បង់​ពន្ធដារ​ និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ក្នុង​ក្រុមហ៊ុន​របស់​គេ​ខាង​ផ្នែក​ពន្ធដា​រ​ ដែល​និយាយ​ជា​រួម ​គ្រាន់​តែ​ចំណាយ​លើ​កា​ររៀប​ចំ​ការិ​យាល័​យ​រៀប​ចំ​ឯក​សារ​ស្របច្បាប់​ ក្នុង​ការ​បង្កើត​ក្រុម​ហ៊ុន ​ជួល​បុគ្គលិក​ និង​ជួល​អគារ​សម្រាប់​ការ​បណ្តុះ​បណ្តាល​និង​សម្រាប់​ការិយាល័យ​ប៉ុណ្ណោះ​»។

ជា​ទូ​ទៅ​ក្រុម​ហ៊ុន​នី​មួយៗ​តែង​ប្រឈម​នឹងការ​បើក​ជំនួញ​លើក​ដំបូង​ ទាំងប​ទ​ពិសោធ​ន៍ ​និងប​ណ្តាញទំ​នាក់ទំ​នង​ដើម្បី​ទាញ​រក​អតិ​ថិជ​ន ហើយ​ក្រុម​ហ៊ុន​មួយ​ចំនួន ​ត្រូវ​ធ្វើកា​រ​ផ្សព្វផ្សាយ ​ដែល​ត្រូ​វចំណាយ​ដើម​ទុន​ជា​ច្រើន​និង​ពេល​វេលា​ជាយូ​រ ដើម្បី​មាន​អតិ​ថិ​ជ​ន​ កុំថា​ឡើយ​ក្រុមហ៊ុន ​សេវា​កម្ម​បង់​ពន្ធអា​រក​នៅ​កម្ពុជា​ដែល​មាន​ចំនួន​ជា​ច្រើន ​រួច​មក​ហើយ​ ហើយ​ថែម​ទាំង​មាន​ភ្នាក់​ងារ ​អន្តរ​ជាតិ​ថែម​ទៀត​ផង​តែ​គិត​ចាប់​ខែ​ មក​រា ដើម​ឆ្នាំ​ ២០១៦ ក្រុម​ហ៊ុន​សេវា​កម្ម​បង់​ពន្ធ​អា​រក​ Emerald Agency Limited ទើប​តែ​បើក​ដំណើរ​ការ​បាន​ជាង ២​ខែ​ប៉ុណ្ណោះ​ ក៏​មាន​អតិថិជន​ចុះ​កុង​ត្រា​ទទួល​យក​សេវា​កម្ម​ បង់​ពន្ធ​ទាំង​ជាតិ​ និង​អន្តរជាតិ​តាំង​តែ​ពី​ថ្ងៃ​បើក​ក្រុម​ហ៊ុន​មក​ម៉្លេះ។

អ្នក​ស្រី សុ​ចិន្តាពន្យល់​ថា​៖ «ជា​ការ​ពិត​ណាស់​ ដែល​ក្រុម​ហ៊ុន​របស់​យើង​ទើប​តែ​បង្កើត​ តែ​យើង​មាន​ជំនាញ​រួច​ជា​ស្រេច​ថែម​ទាំង​នាង​ខ្ញុំ​ផ្ទាល់​ ក៏​មាន​ទំនាក់​ទំនង​ជា​មួយ​ម្ចាស់​ភាគ​ហ៊ុន​ និង​បណ្តាល​ក្រុម​ហ៊ុន​នានា​តាម​រយៈ​កា​រ​ងារ​សង្គម​និ​ងការ​ដែល​គេធ្លា​ប់មើ​ល​ឃើញ​ ការងារ​របស់​នាង​ខ្ញុំ​តាំង​តែ​ពី ​ធ្វើការ​នៅ​កន្លែង​ចាស់​មិន​តែ​ប៉ុណ្ណោះ​ នាង​ខ្ញុំ​មាន​សំណាង​ដែល​មាន​ការ​រាប់​អាន ​ពី​បណ្តាល​មិត្ត​ភ័ក្រ្ត​សាច់​ញាតិ​ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ចំនួន​គេ​ក៏​ធ្វើ​ការ​ណែនាំ​បន្ត​ទៀត​»។

គួរ​បញ្ជាក់​ដែរ​ថា​អ្នក​ស្រី​ សុ​ចិ​ន្តា​ ជា​និស្សិត​ផ្នែក​ពន្ធដារ​ ហើយ​ក៏​ធ្លាប់​បាន​បំរើ​ការងា​រជំនាញ​ខាង​ផ្នែក​ពន្ធដា​រអស់​រយៈ​ពេល​ ជា​ច្រើន​ឆ្នាំ​រួច​មក​ហើយ​ដែរ​ ព្រម​ទាំង​ជា​ស្រ្តី​ម្នាក់​ដែល​សកម្ម​ក្នុង​ការងារ​សង្គម​ និង​សារ​ធារ​ណៈ ​ដូចនេះ​ហើយ​បាន​ជាក្នុង​ដើម​ឆ្នាំ​ ២០១៦ នេះ​ទៀត​សោត​អ្នក​ស្រី​ក៏​ត្រូវ​បានជ្រើស​តាំង​ជា ​ប្រធាន​ សភាយុវ​ពា​ណិជ្ជករអន្តរជា ​កម្ពុជា​សាខា​មេគង្គ​ (JCI-Mekong)។

ហើយ​ជា​ចុង​ក្រោយ​នេះ ​លោក​ស្រី​ក៏​សូម​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ដ៏ទៃ​ទៀត​ ជា​ពិសេស​ស្រ្តី​ខ្មែរ ទាំង​ក្មេង​ ទាំង​ចាស់ ​ដូច្នេះ​ថា​៖«សូម​កុំ​គិត​រឿង​អាយុ ​កុំ​គិត​ថា​ក្មេង​ពេកបើក​មុខរបរ​មិន​កើត​ ចាស់​ហើយ​បើក​មុខ​របរ​មិន​កើត​ឱ្យ​តែ​យើង​មាន​ក្តី​សង្ឃឹម​ និង​មាន​ចំណេះដឹង​ខ្លួន​ឯង​នោះ​ សូម​កុំ​បោះបង់​ត្រូវ​តែ​ព្យាយាម​ និង​ជឿជាក់​លើខ្លួន​ឯង​»៕ 

អត្ថ​បទ​ដោយ​៖ សេង ធី