រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺជាអន្តរកាល នៃជំងឺនៅតាមច្រកចេញ-ចូល ដល់អ្នកដែលបានគេចវេសការធ្វើចត្តាឡីស័ក អាចនឹងត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀន ដល់ ៥លានរៀល។

ត្រង់មាត្រា៨-ថ្មី ដែលបានកែសម្រួលក្នុងអនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា ៖ "អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញ-ចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៥ ០០០ ០០០ (ប្រាំលាន) រៀល និងតម្រូវឱ្យអនុវត្តន៍វិធានការសុខាភិបាល។"

ការកែសម្រួលនេះ ក៏បានចែងដែរថា៖ ជនណាដែលផ្តើមគំនិតដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នក ដំណើរ ឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេសពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៥០ ០០០ ០០០ (ហាសិបលាន) រៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។ 

ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕