ភ្នំពេញ ៖ ការវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យនេះអះអាងថា មានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ពោលគឺមានឱកាសទទួលបានផលចំណេញច្រើន ចំណាយពេលតិច និងអាចបង្កើតចំណូលលឿន។
លោក ង៉ែត ជូ ដែលជាអ្នកជំនួញក្នុងអាជីវកម្មដីធ្លីបានពន្យល់ថា គុណសម្បត្តិធំៗចំនួន៣ ដែលទទួលបានពីការវិនិយោគ និងអភិវឌ្ឍនៅតាមតំបន់ជាយក្រុង រួមមានដូចជា ៖
ទី១ ដឹងតែចំណេញៈ មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។
ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។ ទី២ ចំណាយពេលតិចៈ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។ ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើផ្នែកដីធ្លីនៅតាមតំបន់ជាយក្រុង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលមានឱកាសទទួលបានផលចំណេញច្រើន។
លោកបន្តទៀតថា “ទោះជាពេលនេះសកម្មភាព នៃការវិនិយោគកំពុងតែមានភាពជ្រួលនៅតាមតំបន់ជ្រាយក្រុង ប៉ុន្តែបើចំពោះតម្លៃគឺនៅមានកម្រិតនៅឡើយ ហើយក៏នៅមានឱកាសទទួល បានផលចំណេញពីការវិនិយោគក្នុងកម្រិតខ្ពស់ ហើយតំបន់ជាយក្រុងដែលកំពុងតែមានសក្ដានុពលនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត គឺស្ថិតនៅទិសទាំង៤ព័ទ្ធជុំវិញរាជធានីភ្នំពេញ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥”។
លោក សំ សុខនឿន បានពន្យល់ថា មានអ្នកខ្លះ គាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត។ ប្រសិនបើពួកគាត់សម្រេចលក់ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំធំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍៕