ខេត្តកណ្តាល៖ សកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ត្រូវបានអាជ្ញាធរចុះផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ក្រោយរកឃើញថា ពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតិអោយធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសពុលភាព។
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ។
លោកអភិបាលរងបានណែនាំដល់ អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិរាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពអោយអស់ ហើយត្រូវណែនាំឱ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មីឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឱ្យបានតាមកិច្ចសន្យា។
ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង២ខាងលើដែលរណ្តៅទី១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន ក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដីក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណះចេ្ចកទេសត្រឹមត្រូវក្នុងការជីកនោះទេ។
ចំណែករណ្តៅដីទី២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើកំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ៨,៣៤ម៉ែត្រហើយក្រុមការងារបានវាស់វែងជាក់ស្តែងរកឃើញថារណ្តៅនេះគឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ នោងអាជ្ញាប័ណ្ណហួសសុពលភាព។
ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។
ទន្ទឹមនឹងនេះដែរ លោកក៏បានជម្រុញដល់ មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បីចូលរួមចំណែកចំពោះតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច តែការប្រកបអាជីវកម្មនោះត្រូវគោរពតាមបទដ្ឋានបច្ចេកទេស មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សហគមន៍ ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋឡើយ។
អភិបាលរងបានបន្ថែមថា ក្រុមការងារនឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ៕