រាជធានីភ្នំពេញ៖  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការអនុវត្តរបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានដាក់ចេញនូវសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ 

ឯកឧត្តម ក៏បានណែនាំឲ្យចាប់រក្សាទុកមធ្យោបាយធ្វើដំណើរ ដូចជាឡាន ម៉ូតូ មករក្សាទុកតាមខណ្ឌទាំង១៤ ប្រសិនបើប្រជាពលរដ្ឋមិនគោរពតាមបម្រាមដែលចេញផ្សាយនាព្រឹកថ្ងៃទី១មេសា ២០២១។ បន្ថែមពីនេះ ម្ចាស់យានជំនិះ នឹងតម្រូវឲ្យធ្វើចត្តាឡីស័កតាមផ្ទះ ១៤ថ្ងៃផងដែរ។

ប្រសាសន៍ឯកឧត្តម ឃួង ស្រេង៖ យើងកុំចាប់ឃាត់គាត់ទុក តែយើងរក្សាទុកសម្ភារៈ មធ្យោបាយធ្វើដំណើររបស់គាត់ទុក ហើយឲ្យគាត់ធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ។ ១៤ថ្ងៃក្រោយ ទើបគាត់អាចមកយកសម្ភារៈនេះឡើងវិញ៕