ភ្នំពេញ៖ នេះបើតាមប្រភពពីគណនីហ្វេសប៊ុក ដែលមានឈ្មោះថា Heng Ly បានបញ្ជាក់ថា លោកមាស សុផាត អតីតទាហានទ័ពស្រួចភូមិភាគវរៈសេនាធំ ១២៨ នៃកងពលលេខ២ បម្រើជាតិ និងដោយសារតែសង្គ្រាមក្នុងសម័យ ប៉ុល ពត បានពលីជើងខាងឆ្វេងមួយចំហៀងនៅក្នុងសមរភូមិ ធ្លាក់ខ្លួនពិការ មានជំងឺរាំរៃ និងមានជីវភាពលំបាក បានព្រមានយកសាំងដុតសម្លាប់ខ្លួន បើសិនជាសាលាដំបូងរាជធានីភ្នំពេញ ចុះអនុវត្តសាលដីកានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ យកដីជាង ១ហិកតារបស់គាត់ដែលកំពុងរស់នៅសព្វថ្ងៃនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ទៅឲ្យឈ្មោះ លោកកើត សារ៉េត។
ការព្រមានចាក់សាំងដុតសម្លាប់ខ្លួនរបស់អតីតទាហានពិការរូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយគ្នានេះ អតីតទាហានពិការរូបនេះ ក៏បាននិយាយទាំងទឹកភ្នែកសុំឲ្យពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកឧបបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដីដែន នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យលោកផង ក្នុងរឿងជម្លោះដីធ្លីជាមួយលោកកើត សារ៉េត។
លោក មាស សុផាត (ហៅតាបាក់) អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានមុខរបរជាកសិករចិញ្ចឹមត្រី បានរៀងរាប់ថា លោកមានជំងឺរាំរៃជាប់ខ្លួន ដូចជាលើសឈាម ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល រស់ដោយសារថ្នាំពេទ្យ មិនដឹកថាស្លាប់ថ្ងៃណាទេ និងត្រូវចំណាយប្រាក់ច្រើនណាស់លើការព្យាបាលជំងឺ ដូច្នេះមានជីវភាពលំបាកណាស់ ព្រោះលោកជាជនពិការ។ ដោយលោកបានបញ្ជាក់ថា មូលហេតុពិការ គឺលោកជាអតីតទាហានបម្រើជាតិ ការពារមាតុភូមិ ការពារប្រជាជន ប៉ុន្តែដោយសារតែសង្គ្រាមក្នុងសម័យ ប៉ុល ពត លោកបានពលីជើងខាងឆ្វេង១ចំហៀងនៅក្នុងសមរភូមិ ធ្លាក់ខ្លួនពិការ មានជំងឺរាំរៃ និងមានជីវភាពលំបាករហូតដល់សព្វថ្ងៃនេះ។
លោកបានរៀបរាប់ថា លោកបានមករស់នៅលើដីនេះ កាលពីឆ្នាំ១៩៩២ គិតមកដល់ពេលនេះគឺ២៦ឆ្នាំហើយ។ ដីដែលលោកកំពុងរស់នៅទីនេះ កាលដើមឡើយជាដីបឹង មានព្រំជាប់នឹងដីលោកកើត សារ៉េត ត្រូវពូជីដូនមួយ នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំរដ្ឋអំណាយខ្ចីដីបឹងដាំឈូក ដែលមានលោកដួង សំអាន ជាមេភូមិ ជាអ្នកឱ្យមកលោក។ រហូតដល់ឆ្នាំ១៩៩៥ លោកបានខ្ចីលុយគេ ហើយក៏សុំរដ្ឋអំណាចយកដីបឹងជីកធ្វើស្រះចិញ្ចឹមត្រី បានចំនួន២ស្រះ ដើម្បីឱ្យជីវភាពបានធូរធា រដ្ឋអំណាចក៏បានអនុញ្ញាត។ រហូតដល់ឆ្នាំ២០០៣ ដោយជីវភាពពិបាកពេក ចង់បានធូរធាជាងនេះ លោកក៏សុំរដ្ឋអំណាចជីកស្រះបន្ថែម២ទៀត ដែលមានលោកមេភូមិដួង ចៅ ប៊ុនថុង និងមេឃុំ ពេជ្រ ណុំ ជាអ្នកអនុញ្ញាត ដោយលោកតា ជា ស៊ុន ជាអ្នកជីកឱ្យបណ្តាក់ប្រាក់ឱ្យ ២ឆ្នាំទើបសងរួច។
អតីតទាហានពិការរូបនេះ បានបញ្ជាក់ថា “ការបោកប្រាស់របស់ឈ្មោះ កើត សារ៉េត មកលើរូបខ្ញុំដែលជាជនពិការ គឺឈ្មោះ កើត សារ៉េត បោកប្រាស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំថា គាត់ត្រូវការលក់ដីខាងមុខ ដូច្នេះដីខ្ញុំនៅខាងក្រោយ បើចង់លក់បានថ្លៃ វាស់វែងលក់ជាមួយគាត់ទៅ ខ្ញុំក៏យល់ព្រមព្រះមានជីវភាពលំបាកចង់បានប្រាក់ព្យាបាលជំងឺ ខ្ញុំសួរគាត់លក់បានទេ កាត់ថាគាត់អត់ទិញទេ ប៉ុន្តែនេះជាសម្តីបោកប្រាស់ គឺគាត់វាស់វែងដើម្បីលួចធ្វើប្លង់រឹងយកដីខ្ញុំ ប្តង់រឹងរបស់គាត់ គ្មានប្រកាស និងគ្មានមេដៃព្រំប្រទល់ដោយចោលដី៣ម៉ែត្រសងខាង ព្រោះអ្នកព្រំប្រទល់សងខាង និងអ្នកស្រុកអ្នកភូមិគេស្គាល់តែខ្ញុំបាទ មិនស្គាល់់កើត សារ៉េតទេ ។ គាត់អាងអំណាចជាអនុរដ្ឋលេខាធីការក្រសួងនគររូបនីយកម្មដែនដី និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ”។
លោកបាននិយាយពីដំណើររឿងក្តីក្តាំង ដ៏សែនអយុតិ្តធម៌ចំពោះរូបលោកថា “នៅឆ្នាំ២០១០ ពូជីដូនមួយរបស់ខ្ញ៉ំ ឈ្មោះកើត សារ៉េតមកដេញខ្ញ៉ំចេញពីដី ដោយប្រាប់ថាគាត់មានប្លង់រឹង ហើយឯកសារដែលខ្ញ៉ំបាទមានភូមិ ឃុំ ជាឯកសារអត់បានការ កើត សារ៉េត គាត់ក៏បាននិយាយទៀតថា ពងមាន់កុំចង់ជល់ដុំថ្ម ដីគាត់ខាងមុខ គាត់មានសិទ្ធយកដីខាងក្រោយដោយស្វ័យប្រវត្តិ ដីអ្នកណាក៏ដោយក៏គាត់ត្រូវតែយកដែរ។ ខ្ញុំក៏តបទៅគាត់វិញថា ខ្ញុំមិនអាចចេញបានទេ ព្រោះខ្ញុំខំតស៊ូការពារដីនេះយ៉ាងលំបាក។ គាត់ក៏បានប្តឹងទៅសាលាដំបូងខេត្តកណ្តាល ហើយខ្ញុំបាទក៏ប្តឹងគាត់វិញដែរអំពីការលួចធ្វើប្លង់ ប៉ុន្តែសាលាដំបូងខេត្តកណ្តាលលើកយកតែសណុំរឿងរបស់ កើត សារ៉េត មកកាត់ក្តី ដោយសាលាដំបូងមានលោកចៅក្រម ស៊ិន វីរៈ ជាអ្នកកាត់ក្តីឱ្យខ្ញុំបាទចាញ់។ ខ្ញុំបាទក៏ប្តឹងបន្តទៅសាលាឧទ្ធរណ៍ មានលោកចៅក្រម ប្លង់ សំណាង ដោយសាលាឧទ្ធរណ៍មានភាពយុត្តិធម៌លោកក៏បានចុះអង្កេតផ្ទាល់លើដីទំនាស់ លោកបានសម្រេចក្តីឱ្យខ្ញុំបាទឈ្នះ ហើយបង្វិលរឿងនេះទៅសាលាដំបូងវិញ ប៉ុន្តែកើត សារ៉េត គាត់មិនព្រមទៅសាលាដំបូងវិញទេ គាត់បង្វិលសំណុំរឿងនេះទៅសាលាកំពូល។ ដល់កាលនៅសាលាកំពូលបានបង្វិលសំណុំរឿងឱ្យមកសាលាឧទ្ធរណ៍កាត់ឡើងវិញ សាលាឧទ្ធរណ៍ក៏បង្វិលសំណុំរឿងទៅដំបូងវិញ កើត សារ៉េត គាត់មិនព្រមចុះមកសាលាដំបូងវិញទេ គាត់បានបង្វិលសំណុំរឿងទៅសាលាកំពូលវិញម្តងទៀត។ ទីបំផុតសាលាកំពូលក៏សម្រេចសាលដីការឱ្យខ្ញុំបាទចាញ់យ៉ាងអយុត្តិធម៌បំផុត។
ក្នុងពេលដំណើររឿងក្តីនេះ ខ្ញុំបាទពិបាកចិត្តខ្លាំងពេក ណាមួយខ្លួនជំពាក់លុយគេផង ណាមួយទៀតមានជំងឺទឹកនោមផ្អែមផង និងលើសឈាមផង ខ្ញុំបាទក៏បានធ្លាក់ខ្លួនដាច់សរសៃឈាមខួរក្បាលជិតស្លាប់ តែសំណាងល្អបានកូនៗដើរខ្ចីចង់ការប្រាក់គេ យកចេញពីពេទ្យកាល់ម៉ែត្រទៅព្យាបាលនៅពេទ្យជោររៃវៀតណាម បានត្រឹម៣ថ្ងៃពេទ្យវៀតណាមថាឱ្យយកខ្ញុំទៅផ្ទះធ្វើបុណ្យទៅ ដោយកូនៗមិនអស់ចិត្តក៏បានបញ្ចូនមកពេទ្យកាល់ម៉ែត្រវិញម្តងទៀត ដែលកាលនោះខ្ញុំដូចជាមនុស្សស្លាប់ទៅហើយ តែដោយសារបុណ្យនៅមានក៏រស់ដោយសារតែអុកស៊ីសែនប្រមាណ២ខែទើបជាឡើងវិញ ត្រឡប់មកសម្រាកនៅផ្ទះវិញ វាជារឿងមិននឹកស្មានដល់ទាល់តែសោះពីមនុស្សឈឺជិតស្លាប់ បែរជារស់ឡើងវិញ ប្រហែលមកពីរឿងក្តីខ្ញុំបាទអយុត្តិធម៌ពេកហើយ ទើបទេវតាមិនទាន់ឱ្យខ្ញុំស្លាប់”។
លោក មាស សុផាត អតីតទាហានពិការបានទទូចសូមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់រូបលោកដែលជាជនពិការ គ្មានទីពឹងណាផ្សេង មានតែដីមួយដុំនេះ ទុកគ្រាន់បានប្រាក់មើលជំងឺរាំរៃ និងប្រកបរបរកសិកម្មរហូតចាស់ស្លាប់៕