រាជធានីភ្នំពេញ៖ លោកជំទាវ ឯកអគ្គរាជទូតចក្រភពអង់គ្លេសលោកស្រី Tina Redshaw បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អំពីការបរិច្ចាគវ៉ាក់សាំង Oxford AstraZeneca របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ដល់ប្រទេសកម្ពុជានៅដើមសប្តាហ៍នេះ ។
សាររបស់ស្ថានទូតអង់គ្លេស៖ "នៅក្នុងកិច្ចប្រជុំ G7 ចក្រភពអង់គ្លេសបានប្រកាសបរិច្ចាគវ៉ាក់សាំង COVID19 ចំនួន ១០០ លានដូស ។ ហើយចំនួនដូសតំបូងសម្រាប់ការបរិច្ចាគនេះក៏បានរៀបចំរួចរាល់។ ហើយប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ៤១៥,០០០ដូស ក្នុងសប្តាហ៍នេះតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ គ្មាននរណាម្នាក់មានសុវត្ថិភាព លុះត្រាតែយើងទាំងអស់គ្នាមានសុវត្ថិភាព។"
និន្នាការចុងក្រោយនេះ បន្ទាប់ពីប្រទេសជប៉ុន បានប្រកាសពីការផ្ដល់វ៉ាក់សាំងការពារកូវីដ១៩ ដល់កម្ពុជា តាមយន្តការកូវ៉ាក់ គេសង្កេតឃើញថា សហរដ្ឋអាមេរិក អង់គ្លេស ក៏បានប្រកាសពីការផ្ដល់ការបរិច្ចាគវ៉ាក់សាំងដល់កម្ពុជាផងដែរ។
គិតត្រឹមថ្ងៃ ២៩កក្កដា កម្ពុជា សម្រេចការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរបស់ខ្លួន បានជាង ៧.១លាននាក់ ដែលភាគច្រើនលើសលុបនិងជាដំបូងគេ គឺប្រើប្រាស់វ៉ាក់សាំងដែលបានទទួលជំនួយនិងទិញពីប្រទេសចិន៕