មេដឹកនាំទាំងពីរនឹងជួបគ្នាក្នុងក្រុង ហាណូយ ប្រទេសវៀតណាម ។ តើហេតុអ្វីបានជាវៀតណាមក្លាយជា គោលដៅដែលសាកសមសម្រាប់ ជំនួបនេះ?
ចម្ងាយនៃការធ្វើដំណើរ
មេដឹកនាំកូរ៉េខាងជើង លោក គីម មិនធ្វើដំណើរឆ្ងាយនោះទេហើយ វៀតណាមជាទីតាំង ដែលនៅជិត ពីក្រុងព្យុងយ៉ាង ហើយប្រទេសវៀតណាម ក៏មានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើង និង អាមេរិក(ក្នុងពេលថ្មីៗនេះ) ។ នេះជាទីតាំងដែល មិនលំអៀងទៅខាងណាមួយ
សន្តិសុខ
ជាប្រទេសដែលកាន់របបកុម្មុនីស្ដ ដែលការគ្រប់គ្រងរដ្ឋមានភាពតឹងរឹងនិងសុវត្ថិភាពខ្ពស់លើទស្សនៈ នយោបាយ ការធ្វើកូដកម្ម និងរបៀបរបបសង្គម ជាពិសេសនឹងមានការបង្ក្រាបភ្លាមៗ បើមានការរំខានណាមួយលើកិច្ចប្រជុំកំពូលក្នុងប្រទេស។ វៀតណាម ក៏ជាប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ដែលមានមេដឹកនាំពិភពលោកសំខាន់ៗចូលរួម ដូចជា APEC និងវេទិការ សេដ្ឋកិច្ចពិភពលោក ជាដើម។
សត្រូវ ក្លាយជាមិត្ត
វៀតណាម ជាឧទាហរណ៍ដ៏សំខាន់មួយ ដែលបង្ហាញថា សត្រូវអាចក្លាយជាមិត្តជាមួយសហរដ្ឋអាមេរិក ដែលកាលពីជាង ៤០ឆ្នាំមុន ប្រទេសទាំងពីរធ្លាប់ ធ្វើចំបាំងដ៏មហន្តរាយមួយហើយវៀតណាមក៏បានបំបាក់មុខមាត់ទ័ពអាមេរិកផងដែរ ។ តែមកដល់ឆ្នាំ ១៩៩៥ ប្រទេសទាំងពីរផ្ដើមមានទំនាក់ទំនងការទូតល្អវិញ ។ តាំងពីពេលនោះមក ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដោះដូរពាណិជ្ជកម្ម និងសន្តិសុខជាច្រើន ដែលកាន់តែពង្រឹងចំណងទំនាក់ទំនងប្រទេសទាំងពីរ។
ឳកាសនៃការផ្ដល់មេរៀន ដល់លោកគីម
អាមេរិក អាចរំពឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម នឹងទទួលបានបទពិសោធន៍ ពីការដឹកនាំរបស់វៀតណាម ដើម្បីចាប់យក ការបើកចំហសេដ្ឋកិច្ចទីផ្សារសង្គមនិយមដោយសារតែប្រទេសទាំងពីរ កាន់របបកុម្មុនីស្ដ ដូចគ្នា តែវៀតណាម បែរជាមានសេដ្ឋកិច្ចរីកចម្រើនសេដ្ឋកិច្ចខ្លាំងក្នុងអាស៊ីដោយការបើកចំហទីផ្សារ
ឥទ្ធិពលក្នុងអាស៊ី ទប់ចិន
សហរដ្ឋអាមេរិក អាចមើលឃើញថា វៀតណាមអាចជាទិសដៅសម្រាប់ អាមេរិក រក្សាបាននូវការពង្រីកឥទ្ធិពល ក្នុងអាស៊ី ទប់ជាមួយចិន។ចិន ប្រទេសដែលស្និទ្ធបំផុត ជាមួយ កូរ៉េខាងជើង ហើយបច្ចុប្បន្ន អាមេរិក ក៏កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ឯចិន ក៏មានជំលោះ ដែនកោះ ជាមួយ វៀតណាម ។
ការរៀបចំប្រជុំកំពូលនេះនឹងបង្ហាញពីឥទ្ធិពលរបស់អាមេរិក ការបង្កើនទំនុកចិត្តផ្នែកសេដ្ឋកិច្ច សម្រាប់ជាការបើកទ្វារដើម្បីក្រុមហ៊ុន អាមេរិក ផងដែរ៕