សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការ​ធ្វេស​​ប្រហែស​ប្រមាទ​ក្នុង​កិច្ច​ការងារគឺ​ជា​ហេតុ​ដែល​នាំ​ឱ្យ​មិន​អាច​សម្រេច​​គោល​បំណង​បានទោះ​បី​​ជា​ការងារ​នោះ​តូច​ក្តីធំ​ក្តី​។

មូលហេតុ​​នៃ​ការ​ការ​​ប្រមាទ

ការ​មើល​ស្រាល​ការងារ​ ឬ​ខ្ជិ​ល​ក្នុង​ការងារ​​ដោយ​អាង​លេស​ដូច​ខាង​ក្រោម​៖

១. ខ្ជិល​រៀន ខ្ជិល​ធ្វើ​ការងារ​ ដោយ​អាង​ថាព្រឹក​ពេក​។

២. ខ្ជិល​រៀន ខ្ជិល​ធ្វើ​ការងារ ដោយ​អាង​ថាថ្ងៃ​ពេក​។

៣. ខ្ជិល​រៀន ខ្ជិល​ធ្វើ​ការងារ ដោយ​អាង​ថាល្ងាច​ពេក​។

៤. ខ្ជិល​រៀន ខ្ជិល​​ធ្វើ​ការងារ ដោយ​អាង​ថាយប់​ពេក​។

៥. ខ្ជិល​រៀន ​ខ្ជិល​ធ្វើ​ការងារ​ ដោយ​អាង​ថាទើប​នឹង​មក​ពី​ហត់​។

៦. ខ្ជិល​រៀន ខ្ជិល​ធ្វើ​ការងារ ដោយ​អាង​ថា​ទើប​ងើប​ពី​ឈឺ។

អាការៈ​ទាំង​នេះជា​លក្ខណៈ​មនុស្ស​ខ្ជិលដែល​ជា​មារយាទ​អន់​ថយមិន​អាច​​ក្លាយ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បាន​ទេ។ ដើម្បី​ការ​សិក្សា​បាន​ដល់​ទី​បំផុតនិង​មាន​អនាគត​​ភ្លឺ​ស្វាងម្នាក់​ៗ​ត្រូវ​ព្យាយាម​រៀន​សូត្រ​គ្រប់​មុខ​វិជ្ជា​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​។

ប្រភេទ​នៃ​​ការ​ប្រមាទ​​មាន​ដូច​ជា

ប្រមាទ​ក្នុង​ពេល​វេលា គឺ​បណ្តែត​បណ្តោយ​ឱ្យ​ពេល​វេលា​កន្លង​ទៅ​ដោយ​ឥត​ប្រយោជន៍មិន​ប្រឹង​ប្រែង​រៀន​សូត្ររក​ស៊ី​ រវល់​តែ​មើល​ទូរទស្សន៍​ច្រើន​ពេកដើរ​លេង​ច្រើន​ពេក​។

ប្រមាទ​ក្នុង​វ័យ គឺ​ស្រវឹង​ក្នុង​វ័យ​កម្លោះក្រមុំ​ ដើរ​លេង សប្បាយ​ហ៊ឺហាមិន​គិត​ដល់​សីលធម៌ សុជីវធម៌ឬ​រក្សា​ខ្លួន​ឱ្យ​បាន​ល្អ​ទេបណ្តែត​បណ្តោយ​​ភ្លើត​ភ្លើន​ស៊ី​វីល័យ​ទៅ​តាម​សង្គម​អូស​ទាញ​។

ប្រមាទ​ក្នុង​ការងារ គឺ​ខ្ជិល​មិន​ចង់​ធ្វើ​ខ្ជិល​រៀប​ចំ​កន្លែង​ដេកខ្ជិល​​បោក​គក់​ខោ​អាវខ្ជិល​បោស​សម្អាតខ្ជិល​ធ្វើ​ការងារ​ផ្ទះរហូត​ដល់​ខ្ជិល រក​ស៊ីដើរ​ប៉ោ​ឡែ ធ្វើ​ចោរ​ជា​ដើម​។

ប្រមាទ​ក្នុង​ការ​សិក្សា គឺ​ខ្ជិល​មើល​មេរៀនខ្ជិល​ស្តាប់​គ្រូ​ពន្យល់ខ្ជិល​សាក​សួរ ខ្ជិល​កត់​ត្រា។លទ្ធផល​​នៃ​ការ​ខ្ជិលគឺ​ល្ងង់​។

៥.ប្រមាទ​ក្នុង​ការ​បដិបត្តិ​ធម៌ គឺ​មាន​គំនិត​ថា ធម៌​អាថ៌សីល​ទាន សម្រាប់​តែ​មនុស្ស​ចាស់​ព្រឹទ្ធា​ចារ្យចំណែក​ឯ​ខ្លួន​ឯង​នៅ​​ក្មេងកុំ​អាល​ទាន់​ធ្វើ​។

Image

ព្រះ​ពុទ្ធ​ទ្រង់​បាន​សម្តែង​បច្ឆឹម​ពុទ្ធ​វចនៈ(បណ្តាំ​ចុង​ក្រោយ​ថា​)៖

“អប្បមា​ទេនសម្បា​ទេថ" អ្នក​ទាំង​ឡាយចូរ​ញ៉ាំ​ប្រយោជន៍​​ទាំង​ពួង​ឱ្យ​សម្រេច​ដោយ​សេចក្តី​មិន​ប្រមាទ​ចុះ​"មាន​ន័យ​ថាពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​រយៈ​ពេល​៤៥​ព្រះ​វស្សាប្រមូល​សរុប​យ៉ាង​ខ្លី​បំផុត​គឺ​ការ​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​គ្រប់​យ៉ាង។

ប្រភព៖មង្គល​ជីវិត​ រៀប​រៀង​ដោយ​ភិក្ខុ​វជិរប្ប​ញ្ញោ​គូ សុភាព