សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ម៉ាស់​ដែល​យើង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដើម្បី​បិទ​បាំង​មុខ​ ច្រមុះ ​និង​មាត់ ជា​ផ្នែក​មួយ​នៃ​វិធាន​ការ​ដើម្បី​ការពារ​​ខ្លួន​យើង​ពី​កូវីដ​-១៩។ បន្ថែម​ពី​នោះ​ការ​ស្វែង​យល់​​​ពី​ប្រភេទ​​ម៉ាស់​ដែល​មាន​នៅ​​លើ​ទី​ផ្សារក៏​ជា​ចំណែក​មួយ​ឱ្យ​យើង​យល់​ដឹង​បន្ថែម​ពី​មុខ​​ងារ​របស់​វាបាន​ច្បាស់​លាស់​សម្រាប់​​​ប្រសិទ្ធិភាព​ការពារ​ខ្លួន​យើង​ពី​វីរុស​ផ្លូវ​ដង្ហើម​កូវីដ​-១៩​ផង​ដែរ។ តាម​យៈ​វីដេអូ​ផ្សព្វ​ផ្សាយ​​របស់​អង្គការ​សហប្រជាជាតិ ​បាន​បង្ហាញ​ចំណុច​គួរ​យល់​​ដឹង​ពី​ប្រភេទ​ម៉ាស់​ដូច​ខាង​ក្រោម​នេះ​​៖

***ម៉ាស់​វេជ្ជសាស្រ្តឬ​ម៉ាស់​ពេទ្យ​៖

Image

  • ម៉ាស់​វេជ្ជសាស្រ្ត​ (​អាច​ហៅ​បាន​ថា​ជា​ម៉ាស់​សម្រាប់​វះ​កាត់ សម្រាប់​បុគ្គលិក​ពេទ្យ​​)៖ គួរ​តែ​ប្រើ​ប្រាស់​ដោយ​បុគ្គលិក​សុខាភិបាល​ បុគ្គល​ដែល​មាន​រោគ​សញ្ញា​​ជំងឺ​កូវីដ​-១៩ និង​បុគ្គល​​ដែល​កំពុង​ថែ​ទាំ​អ្នក​ដែល​មាន​ការ​សង្ស័យ ឬ​បញ្ជាក់​ថា​​មាន​ជំងឺ​កូវីដ​-១៩។

  • សម្រាប់​ម៉ាស់​វេជ្ជសាស្រ្ត​នេះ គឺ​គួរ​ប្រើ​​​នៅ​ទី​តាំង​ដែល​មាន​ការ​រីក​រាល​ដាល នៃ​ជំងឺ​កូវីដ​-១៩ ព្រម​ទាំង​ទី​តាំង​​ដែល​​មិន​អាច​អនុវត្ត​គម្លាត​សុវត្ថិភាព​​មួយ​ម៉ែត្រ​កន្លះ​​បាន ហើយ​ម៉ាស់​ប្រភេទ​នេះ គួរ​ដែល​ប្រើ​​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​៦០​ឆ្នាំ​ឡើង​ទៅ​ និង​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់​។

***ម៉ាស់​ក្រណាត់​ ឬ​ម៉ាស់​ធម្មតា៖

Image

ដោយ​ឡែក​សម្រាប់​ម៉ាស់​មួយ​ប្រភេទ​ទៀត​ហៅ​ថាម៉ាស់​ក្រណាត់

  • ម៉ាស់​ក្រណាត់​ (ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា​ម៉ាស់​ទូ​ទៅ​មិន​មែន​ម៉ាស់​វេជ្ជសាស្រ្ត​)៖ គួរ​តែ​​ប្រើ​ប្រាស់​ដោយ​បុគ្គល​​ដែល​មិន​មាន​រោគ​សញ្ញា​ជំងឺ​កូវីដ​-១៩ (មនុស្ស​ទូ​ទៅ​ធម្មតា​) ប្រើ​នៅ​ទី​តាំង​ដែល​មាន​ការ​រីក​រាល​ដាល នៃ​ជំងឺ​កូវីដ-១៩​ និង​ទី​តាំង​ដែល​មិន​អាច​អនុវត្ត​គម្លាត​សុវត្ថិភាព​មួយ​ម៉ែត្រ​កន្លះ​បាន​។

  • ម៉ាស​ក្រណាត់ គួរ​ប្រើ​ដោយ​​បុគ្គល​ដែល​មាន​​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​ជា​មួយ​អ្នក​ដទៃ​ ដូច​ជា​បុគ្គលិក​សង្គម​កិច្ច​ អ្នក​គិត​លុយ និង​អ្នក​បម្រើ​សេវា​កម្ម​នានា​ជា​ដើម​។ ម៉ាស់​ប្រភេទ​នេះ ក៏​គួរ​ប្រើ​ប្រាស់​​នៅ​ក្នុង​ទី​កន្លែង​សាធារណៈ​​ដែល​មមាញឹក​ ដូច​ជា​មធ្យោបាយ​​ធ្វើ​ដំណើរ​ផ្សេង​ៗ ឧទាហរណ៍​​ ឡាន​ក្រុង រថ​យន្ត​តាក់​ស៊ី​​រួម​គ្នា និង​រថ​ភ្លើង​ កន្លែង​ធ្វើ​ការ ហាង​លក់​គ្រឿង​ទេស​ និង​ទី​តាំង​ដែល​មាន​មនុស្ស​ម្នា​ច្រើន៕

​​​