គំនិតជាគ្រឹះសម្រាប់ការដឹកនាំ ជាផ្នែកដ៏សំខាន់មិនអាចខ្វះបានសម្រាប់អ្នកដឹកនាំកិច្ចការអ្វីមួយឱ្យទទួលបានជោគជ័យនិងប្រសិទ្ធិភាព។ តាមរយៈលោក ពឹង គិមឆេន ជាគ្រូឧទ្ទេសនៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តី “ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”លោកក៏បានចែករំលែកគំនិតជាគ្រឹះសម្រាប់ការដឹកនាំជាចំណុចៗដូចខាងក្រោម៖
១. មានវិធានការជាទំនប់នៃបញ្ហ
មុននឹងឈានទៅអនុវត្តជាសកម្មភាពផ្សេងៗប្រាកដណាស់ យើងត្រូវមានវិធានការផ្សេងៗ ជាការបង្ការទុកជាមុននូវបញ្ហាប្រឈមផ្សេងៗដែលនឹងអាចកើតមាន។វិធានការអាចជាយុទ្ធវិធីសម្រាប់ត្រៀម សម្រាប់ដោះស្រាយបញ្ហាផ្សេងៗមិនថាបញ្ហាដែលនឹងអាចព្យាការណ៍បាន ឬករណីប្រធានស័ក្តជាដើម។
២. មានសេចក្តីឧស្សាហ៍ជាទំនប់នៃកម្ជិល
ភាពឧស្សាហ៍ ព្យាយាមប្រៀបដូចជាជើងដើរ ជាសកម្មភាពដើម្បីខិតទៅរកការសម្រេចគោលបំណងដែលយើងដៅទុក។ ដូចនេះ អ្នកដឹកនាំពិតប្រាកដ គឺមានភាពឧស្សាហ៍ព្យាយាមនេះជាប់ខ្លួនជានិច្ច ដែលនឹងអាចសម្រេចគោលដៅខ្លួនក៏ដូចជាគោលដៅរួមក្រុមការងារផងដែរ។
៣. មានភាពស្មោះត្រង់ជាទំនប់នៃមន្ទិល
ប្រាកដណាស់ ជាអ្នកដឹកនាំមួយរូប ដែលជាទីគោរពនៃបុគ្គលិកកូនចៅក្រោមឱវាទតែងរក្សាបានជានិច្ចនូវភាពស្មោះត្រង់ ពោលគឺពុំមានលាក់បាំងព័ត៌មាន ឬចំណេះដឹងអ្វីឡើយដែលក្នុងន័យនេះ គឺសម្រាប់ការរីកចម្រើនទាំងអស់នៃស្ថាប័ន ឬអាជីវកម្មទាំងមូល។
៤. មានផែនការជាទំនប់នៃបរាជ័យ
ច្បាស់ណាស់ការអនុវត្តកិច្ចការអ្វីមួយឱ្យទទួលបានលទ្ធផលជោគជ័យចាំបាច់ត្រូវមានផែនការច្បាស់លាស់។ ដូចនេះ មេដឹកនាំដែលមានផែនការច្បាស់លាស់ទស្សនៈវិស័យប្រាកដប្រជា នោះលទ្ធផលផ្លែផ្កាប្រកបដោយប្រសិទ្ធិភាពរមែងនៅមិនឆ្ងាយពីការខំប្រឹងប្រែងនោះឡើយ។ ជាពិសេស អត្រាបរាជ័យក៏មានភាគរយទាបផងដែរ។
៥. មានអំណាចជាទំនប់នៃគំនិត
ចំណុចនេះសម្តៅទៅលើឋានៈ អំណាចរបស់អ្នកដឹកនាំដែលជាអ្នកសម្រេច ថ្លឹងថ្លែងនូវរាល់គំនិតដែលទទួលបាន មិនថាទទួលបានពីកូនចៅឬមួយមជ្ឈដ្ឋានខាងក្រៅ។ អំណាច និងតម្លៃរបស់អ្នកដឹកនាំគឺមានឥទ្ធិពលសំខាន់ក្នុងការសម្រេចផ្សេងៗ។
៦. ការព្យាករណ៍ទុកជាទំនប់នៃហេតុការណ៍
មេដឹកនាំដែលចេះព្យាករណ៍ទុកមុនប្រៀបដូចជាការបង្កើតនិងត្រៀមជោគជ័យមួយផ្នែករួចស្រេចហើយ។ ពិតណាស់ ការព្យាករណ៍ទុកមុននូវអ្វីៗដែលនឹងអាចកើតឡើងនឹងអាចឱ្យអ្នកបានត្រៀមទុកជាមុននូវវិធានការ ផែនការ ជាដំណោះស្រាយ ដូចនេះ ភាពរលូននៃកិច្ចការងារនឹងមិនជួបបញ្ហាប្រឈមខ្លាំងដែលជាហេតុធ្វើឱ្យការដឹកនាំរបស់អ្នកមានភាគរយជោគជ័យខ្ពស់៕
ប្រិយមិត្តអាចស្វែងរកអានមេរៀនស្តីពីភាពជាអ្នកដឹកនាំនាអត្ថបទជាច្រើនបន្តបន្ទាប់ទៀតនៅក្រមាប៉ុស្ត៍..
ចុចអាន៖ សម្រង់ទស្សនៈនៃភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក