រាជធានីភ្នំពេញ៖ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកដ៏ល្បីមួយ​នាថ្ងៃទី៥ខែមិថុនា ២០២០  លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។

លោកនាយឧត្តមសេនិយ៍ មានប្រសាសន៍ថា៖ «ជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ»

ការប្រកាសបែបនេះរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើង ក្រោយពីមានករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតបានគ្រឿងញៀន ជាង២គីឡូក្រាម កាំភ្លើង២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវឈ្មោះ ឈុន សុមេធា​ ពាក់សក្កិ៤ ជាមួយបក្ខពួកម្នាក់ទៀតដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ ក្នុងប្រតិបត្តិការរបស់សមត្ថិកិច្ច កាលពីថ្ងៃទី០៤មិថុនា ឆ្នាំ​២០២០ នៅចំនុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងក្រុងភ្នំពេញ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា៖ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណសម្បត្តិធ្លាប់មានកុំយកមកទូទាត់ជាមួយគុណវិបត្តិ ដាច់ខាតត្រូវតែបង្ក្រាប