ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងសេចក្ដីប្រកាសនៃលទ្ធផលជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនេះ ក៏បានបញ្ជាក់ផងដែរពីហេតុផល នៃការបិទស្ថានឯកអគ្គរាជទូតស៊ុយអែត នៅទីក្រុងភ្នំពេញ ដោយមូលហេតុនៃកំណែទម្រង់ និងសម្ពាធផ្នែកថវិកា។ ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអែត នៅបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា តាមរយៈស្ថានអគ្គរាជទូត ដែលមាននៅទីក្រុងបាងកក និងការិយាល័យតំណាងក្នុងក្រុងភ្នំពេញ។
សូមជម្រាបដែរថា ប្រទេសស៊ុយអែត មានទំនាក់ទំនងយ៉ាងល្អជាមួយកម្ពុជា ដោយបានឲ្យកម្ពុជាបើកការិយាល័យតំណាង នៅស៊ុយអែត ក្រោយពីកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បន្ថែមពីនេះ ការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗលើ វិស័យ អប់រំ បរិស្ថាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នជាពិសេសនោះគឺការផ្ដល់ការគាំទ្រឈានមុខគេតាំងពីឆ្នាំ ២០០៦ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ផងដែរ៕