នាពេលបច្ចុប្បន្ននេះនៅប្រទេសស៊ុយអែត (Sweden) មិនថាផ្សារទំនើប រួមទាំងហាងកាហ្វេ ហាងលក់ទំនិញផ្សេងៗនិងសឹងគ្រប់ទីកន្លែងបានដាក់បង្ហាញ QRcodes ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើទូរសព្ទដៃស្កេនដើម្បីទូទាត់ថ្លៃចាយវាយប្រចាំថ្ងៃក្នុងរយៈពេលតែប៉ុន្មានវិនាទី ហើយនិន្នាការ ឬទំនោរបែបនេះរួមចំណែកធ្វើឱ្យប្រទេសក្នុងទ្វីបអ៊ឺរ៉ុបមួយនេះក្លាយជាប្រទេសដែលប្រើប្រាស់លុយស្ទើរតែគ្មានរូបរាង។ ហើយហេតុផលសំខាន់ៗមួយចំនួនទៀតដែលធ្វើឱ្យស៊ុយអែតជាប្រទេសដែលស្ទើរតែពុំប្រើលុយជាទម្រង់ក្រដាសប្រាក់ ហើយមានលក្ខណៈដូចខាងក្រោមនេះ៖
ជាប្រទេសដើរមុនគេក្នុងរឿងនេះ
ស៊ុយអែតបានក្លាយជាប្រទេសនាំមុខគេក្នុងបច្ចេកវិទ្យានៃសេវាធនាគាររយៈពេលជាយូរមកហើយ ជាឧទាហរណ៍ ទូម៉ាស៊ីនATM បានដាក់ឱ្យប្រើដំបូងនៅក្នុងប្រទេសនេះ នៅឆ្នាំ១៩៦៧ ពោលគឺត្រឹមតែ១សប្តាហ៍ក្រោយប្រទេសមហាអំណាចអង់គ្លេសដែលបានដាក់ប្រើម៉ាស៊ីននេះដំបូងគេ។ ហើយបណ្តុំបច្ចេកវិទ្យាចុងក្រោយនៃសេវាទូទាត់ហិរញ្ញវត្ថុគឺតែងជាបច្ចេកវិទ្យាចុងក្រោយហើយដំបូងគេនៅក្នុងប្រទេសនេះ ដែលមានន័យថាស៊ុយអែតជាប្រទេសអនុវត្តមុនគេ។
បច្ចេកវិទ្យាMobile Bank ID
បច្ចេកវិទ្យា BankID គឺអនុញ្ញាតដល់អ្នកដែលមានលេខអត្តសញ្ញាណសញ្ជាតិស៊ុយអែតរួមទាំងមានគណនីធនាគារគឺអាចប្រើប្រាស់សេវាបច្ចេកវិទ្យាជាសាធារណៈរបស់ប្រទេសនេះក្នុងទម្រង់ជាអនឡាញទាំងអស់រួមទាំងមានហត្ថលេខាទៅលើការចុះកិច្ចសន្យាព្រមព្រៀងផ្សេងៗជាលក្ខណៈឌីជីថលទៀតផង ហើយការចូលប្រើប្រាស់នោះទៀតសោតក៏ប្រើត្រឹមតែក្រយ៉ៅដៃដោយមិនបារម្ភភ្លេចលេខកូដសម្ងាត់ទៀតផង។ ចំណុចមួយគួរកត់សម្គាល់ផងដែរនោះគឺ ៨២% នៃប្រជាពលរដ្ឋស៊ុយអែតគឺទិញទំនិញតាមរយៈអនឡាញដែលធ្វើឱ្យប្រទេសនេះស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់ភាគរយទូទាត់តាមសេវាបច្ចេកវិទ្យាខ្ពស់ក្នុងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត។
យ៉ាងណាមិញក៏មិនមានការគាំទ្រទម្រង់បច្ចេកវិទ្យាទាំងអស់ដែរ
ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅនិយមគាំទ្រការទូទាត់ជាសាច់ផងដែរដោយហេតុពួកគេចង់រក្សាទិន្នន័យផ្ទាល់ខ្លួនដោយមិនចង់ទុកនៅលើបច្ចេកវិទ្យាដោយខ្លាចក្រែងនូវបញ្ហាបច្ចេកទេសណាមួយកើតឡើងលើបច្ចេកវិទ្យានោះ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋស៊ុយអែតមួយចំនួនក៏នៅប្រើទូរស័ព្ទធម្មតាពុំមែន Smartphone ឬខ្លះពុំមានប្រើផ្ទាល់ខ្លួនទៀតផងក៏នៅតែមាន។
អនាគតសេវាទូទាត់នៅប្រទេសនេះនឹងបែបណាទៀត?
ដោយសារបច្ចេកវិទ្យាតែងរីកចម្រើនឥតឈប់ឈរពិសេសទៅលើបញ្ញាសប្បនិម្មិត (Artificial Intelligence) ហើយបច្ចេកវិទ្យានេះបានកំពុងអនុវត្តទៅលើវិស័យផ្សេងៗជាច្រើនទៀតក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចនេះឱកាសប្រើប្រាស់ទូទាត់ ទឹកលុយដែលគ្មានរូបរាងក៏នឹងអាចក្លាយជាទម្លាប់ធម្មតានៅពេលខាងមុខ។ ហើយតាមការព្យាករណ៍ពីអនាគតគេច្រើនសម្លឹងមើលនៅលើប្រទេសស៊ុយអែតនេះដែលតែងជាប្រទេសដើរមុខគេក្នុងបរិបទបម្លាស់ប្តូរថ្មីៗ៕
ប្រភព៖ sweden.se