រាជធានីភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ ប្រកាសផ្តល់ថវិកា ១០ លានដុល្លារ ដើម្បីអភិវឌ្ឍសហគមន៍នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។
នេះបើតាមកំណត់ហេតុនៃកិច្ចពិភាក្សា ដែលបានចុះហត្ថលេខាដោយលោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារ KOICA កយកា ប្រចាំកម្ពុជា និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម ក្នុងគោលបំណងដើម្បីអភិវឌ្ឍតំបន់ភាគពាយ័ព្យប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន។
គម្រោងនេះ នឹងត្រូវអនុវត្តសម្រាប់រយៈពេល៦០ខែ (២០២២-២០២៦) ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ដូចជាក្រុមងាយរងគ្រោះ(ជនក្រីក្រ ជនពិការ) កសិករខ្នាតតូច ព្រមទាំងក្រុមកសិករ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ ដោយធាតុផ្សំសំខាន់ៗនៃគម្រោងរួមមាន ការកែលម្អជីវភាពរស់នៅជនបទ, ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និង ការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ៕