រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សូមជម្រាបជូនដែរថា ការឆ្លងកូវីដ១៩នៅកម្ពុជា ស្ថិតក្នុងកម្រិតក្រោម១០០នាក់ ពីរថ្ងៃជាប់គ្នាជាលើកដំបូង បន្ទាប់ពីមានការផ្ទះខ្លាំងនៃព្រឹត្តិការណ៍២០កុម្ភៈ ២០២១។ ហើយរួមនឹងថ្មីៗនេះ បើទោះបីជាកម្ពុជាបានបើកសាកល្បង ឲ្យមានដំណើរកម្សាន្តក្នុងឱកាសបុណ្យភ្ជំបិណ្ឌកាលពីខែតុលា កន្លងមកក៏ដោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការអបអរសាទរនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន៖

  • ដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០។

  • ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ-១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១។
  • ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ-១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ។
  • ដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។ 

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍លើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ផងដែរ ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្តជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់ ទី១)យើងទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង ទី២)រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ ទី៣)បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ និងទី៤)ពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ-១៩ ។

សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឲ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ ។ 

សម្ដេចតេជោ បានបន្ដថា ធ្វើយ៉ាងណារៀបចំអាពាហ៍ពិពាហ៍ហើយ កុំឲ្យមានអ្នកស្លាប់ ឬអ្នកឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោបានប្រកាសដល់ប្រជាពលរដ្ឋឱ្យរៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ, ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍៕ SPM