ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ធ្វើការពិចារណា និងរៀបចំធ្វើមាតុភូមិនិវត្តនូវអដ្ឋិធាតុរបស់អតីតយុទ្ធជនកម្ពុជាចំនួន ៤៩រូប ដែលបានពលីជីវិតនៅប្រទេសវៀតណាម ហើយអដ្ឋិធាតុទាំងនោះ គប្បីតម្កល់ទុកនៅកន្លែងតំបន់កោះថ្ម«X16» ផងដែរ។
ក្នុងឱកាសប្រារព្ធខួប៤៥ឆ្នាំ នៃដំណើរតស៊ូរំដោះជាតិ នៅតំបន់កោះថ្ម X16 ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតយោធាកម្ពុជាជាច្រើននាក់ បានពលីជីវិតនៅប្រទេសវៀតណាម [៤៩នាក់] ហើយអដ្ឋិធាតុរបស់ពួកគេបានតម្កល់ទុកនៅលើទឹកដី ខេត្តដុងណាយប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ។
ប្រសាសន៍សម្ដេចតេជោ៖ ដើម្បីតបស្នងសងគុណចំពោះបង ប្អូនពលីទាំងនោះគប្បីធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់ឲ្យបានត្រឹមត្រូវ នៅក្នុងតំបន់«X16» នេះតែម្តង។
សូមបញ្ជាក់ថា អតីតយុទ្ធជនពលីកម្ពុជា នៅអតីតអង្គភាព១២៥(កម្ពុជា) បានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ និងអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មានទីតាំងស្ថិតនៅឃុំឡុងយ៉ាវស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម៕