រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

តាមអោយដឹងពី ឯកឧត្តម ថោង ខុន បានអោយដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ពហុកីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។

ឯកឧត្តម វ៉ាង យី បានអបអរសាទរចំពោះកម្ពុជា ដែលទទួលបាននូវសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា កីឡដ្ឋានជាតិមរតកតេជោនេះ កើតមានឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាល្អជាបន្តបន្ទាប់ ជាពិសេសឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែពង្រឹងនូវកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ជាមួយនឹងប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរយៈសមិទ្ធផលនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ជាពិសេស ប្រទេសទាំង២ជាមិត្តភាពដ៏យូរអង្វែង ដែលមិត្តភាពនេះតែងតែផ្សារភ្ជាប់ជាបន្តបន្ទាប់។ សម្តេចបន្តទៀតថា សមិទ្ធផលផលនៃពហុកីឡដ្ឋានដ៏ធំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារតែការជឿទុកចិត្តគ្នាទៅវិញទៅមករវាងមិត្តចិន និងកម្ពុជា ជាងពិសេសក្នុងក្របខណ្ឌដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា កម្ពុជាមានទំនាក់ទំនងល្អជាមួយតាំងពីយូរយាណាស់មកហើយ ពោលគឺតាំងពីសម័យសង្គមរាស្ត្រនិយម ដែលមានសម្តេចព្រះវររាជបិតា​ ព្រះនរោត្តមសីហនុ ជាតួរអង្គ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងនេះរហូតមក បន្តដល់ព្រះមហាក្សត្របច្ចុប្បន្ន ព្រមទាំងរាជវង្សសានុវង្ស រួមទាំងសម្តេចផងដែរ ហើយទំនាក់ទំនងទំនងដ៏ល្អនេះទើបធ្វើអោយប្រទេសទាំងពីរមានជំនឿចិត្តមកលើគ្នា និងកើតចេញជាផ្លែផ្កាជាបន្តបន្ទាប់ ។ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណផងដែរចំពោះមិត្តដែលផ្តល់វ៉ាក់សាំងកូវីដ១៩ជាបន្តបន្ទាប់មកដល់កម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដែលពេលនេះកម្ពុជាសម្រេចការចាក់បានជូនប្រជាជនបានជាង១១លាននាក់ទៅហើយ នេះដោយសារតែមិត្តបានផ្តល់វ៉ាក់សាំងមកអោយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីមិត្តចិននោះទេ យើងប្រហែលជាគ្មានពហុកីឡដ្ឋានជាតិមរតកតេជោនោះទេ។ ថ្ងៃនេះយើងមានមោទនភាព ដែលមិនមែនត្រឹមរូបសម្តេចជាអ្នកផ្តួចផ្តើម និងស្វះស្វែងរកជាមួយដៃគូ ជាមួយឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង នោះទេ ប៉ុន្តែជាមោទនភាពប្រជាជនខ្មែរ ដែលទទួលបានជំនួយពហុកីឡដ្ឋានជាតិមរតកតេជោនាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិស្វករ និងអ្នកជំនាញទាំងឡាយ ដែលបានចូលរួមកសាងពហុកីឡដ្ឋានជាតិមរតកតេជោនេះឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អរគុណដល់មិត្តចិនដែលតែងតែជួយដល់កម្ពុជា តាមរយៈជំនួយផ្សេងៗ ដូចជាការកសាងនូវសមិទ្ធផលសំខាន់ៗកន្លងមកជាពិសេសការសាងសង់ពហុកីឡដ្ឋានជាតិដ៏ធំនាពេលនេះ។ សម្តេចក៏បានជូនពរ រដ្ឋាភិបាល និងប្រជាជនចិន ទទួលបាននូវភាពជោគជ័យ និងទទួលបានសេចក្តីសុខ សេចក្តីចម្រើនតរៀងទៅ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង យី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីពេលនេះតទៅ៕SPM