ខេត្តក្រចេះ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អបអរសាទរចំពោះក្មួយៗ ចៅៗសិស្សនិន្ទេស A ទាំងអស់ ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលឆ្នាំនេះ និងមានសិស្សនិន្ទេស A ជិត២ពាន់នាក់។
សម្តេចថ្លែងថា ទោះបីជាមានការសិក្សាតាមប្រព័ន្ធអនឡាញយ៉ាងណាក៏ដោយក៏ក្មួយៗ ចៅៗ បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អជាច្រើននាក់។ សម្តេចបានថ្លែងទៀតថា នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ សម្តេចនឹងជួបជាមួយក្មួយៗ ចៅៗ សិស្សនិន្ទេស A ជាង១៧០០ ទៅ ១៨០០នាក់នៅភ្នំពេញ ដើម្បីជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ចៅៗទាំងអស់។
សម្ដេចតេជោ បានមានប្រសាសន៍ឲ្យរដ្ឋបាលខេត្តនីមួយៗ ចាត់ចែងសម្រួលការធ្វើដំណើរនិងកន្លែងស្នាក់នៅតាមសណ្ឋាគារ ដល់ក្រុមនិស្សិត ដែលនឹងត្រូវធ្វើដំណើរពីខេត្តមកទីក្រុងភ្នំពេញ ចូលរួមក្នុងកម្មវិធីនេះ រីឯក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែលតែងតែជួយឧបត្ថម្ភ iPad នឹងត្រូវបញ្ជាទិញ iPad ដើម្បីផ្ដល់ជាការលើកទឹកចិត្តដល់និស្សិតនិន្ទេស A ផងដែរ។
ប្រសាសន៍សម្ដេចតេជោ៖ យើងមិននឹងស្មានថា ដំណាក់រៀនអនឡាញ ដំណាក់កាលកូវីដ១៩ បែរជាចៅៗអាចទទួលបាននិន្ទេសA ដល់ជាង១៧០០នាក់។ ខ្ញុំប្រកាសថា នឹងទទួលជួបជាមួយនិស្សិតនិន្ទេស A នៅទីក្រុងភ្នំពេញ។ ហើយខេត្តត្រូវទទួលខុសត្រូវលើការជូនកូនសិស្ស ជួបជាមួយឱពុកម្ដាយ និងចេញថ្លៃសណ្ឋាគារ។
ការថ្លែងបែបនេះក្នុងឱកាសដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក៕