សុខចិត្តកាត់ដៃស្តាំគ្រវាត់ចោល បើលើកលែងទោសឲ្យលោក សម រង្ស៊ី។ នេះជាការប្តេជ្ញាសាជាថ្មីរបស់សម្តេច ហ៊ុន សែន បន្ទាប់ពីខឹងលោក សម រង្ស៊ី ដែលចោទថា ការបោះឆ្នោត មានការក្លែងបន្លំ។
ជម្លោះបុគ្គលរវាងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ មិនបានកាត់បន្ថយនោះទេ សូម្បីតែបន្តិច។ ផ្ទុយមកវិញ គូប្រជែងនយោបាយរាប់ទសវត្សរ៍ទាំងពីររូបនេះ មានតែផ្ចាញ់ផ្ចាលគ្នាកាន់តែខ្លាំងឡើងៗ ជាពិសេសក្រោយការបោះឆ្នោតនៅអាណត្តិទី៦។
អ្វីដែលធ្វើឲ្យសម្តេច ហ៊ុន សែន មិនអាចត្រជាក់ចិត្តនោះ គឺលោក សម រង្ស៊ី បានចោទពីក្រៅប្រទេសមកថា គណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមគ្នាបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោត។ ព្រោះមិនសប្បាយចិត្តនឹងការចោទប្រកាន់បែបនះ សម្តេច ហ៊ុន សែន ក៏ប្រកាសឡើងយ៉ាងដាច់ណាត់ម្តងទៀតថា នឹងមិនថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោសឲ្យលោក សម រង្ស៊ី ជាដាច់ខាត។
ប្រធានគណបក្សកាន់អំណាច បាននិយាយសំដៅទៅរកអតីតប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេស យ៉ាងដូច្នេះថា៖«ខ្ញុំបានដាក់ [សន្យា] ហើយថា បើខ្ញុំ លើកលែងទោសឲ្យម្នាក់ហ្នឹង ខ្ញុំសុខចិត្តកាត់ដៃស្តាំរបស់ខ្ញុំគ្រវាត់ចោល។ រឿងម្នាក់ហ្នឹង កុំសង្ឃឹម ហើយបើចង់សង្ឃឹម ត្រូវមកចូលគុកនៅស្រុកខ្មែរសិន»។
ការថ្លែងខាងលើរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីប្រមាណ៧០នាក់ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ មុននឹងពួកគេ ចេញទៅប្រកួត Asian Games នៅប្រទេសឥណ្ឌូនេស៊ី នាពេលខាងមុខនេះ។
គេ នៅចាំថា កន្លងមក មេដឹកនាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសរួចមកហើយ ចំពោះការមិនអន់ឱនឲ្យដៃគូប្រកួតរបស់ខ្លួន។ «ខ្ញុំ បានស្នើឲ្យលើកលែងទោសពីរដងហើយ។ បើមានលើកនេះទៀត ខ្ញុំនឹងកាត់ដៃស្តាំខ្លួនឯងចោល»។ នេះជាសម្តីរបស់ប្រធានគណបក្សកាន់អំណាច ដែលបានលើកឡើងកាលពីចុងឆ្នាំ២០១៥។