ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រកាសត្រៀមខ្លួន ទៅប្រជុំនៅអង្គការសហប្រជាជាតិ (UN) ដើម្បីធ្វើសេចក្តីថ្លែងការណ៍នៅទីនោះ បកស្រាយអំពីរឿងនយោបាយនៅកម្ពុជា ចំពោះមុខបណ្ដាអន្តរជាតិទាំងអស់។
ថ្លែងក្នុងពិធីជំនួបសំណេះជាមួយអត្តពលិក កីឡាករ និងគ្រូបង្វឹក នៅថ្ងៃទី៦ សីហានេះ សម្ដេច ហ៊ុន សែន បានលើកហេតុផលថា បើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ សីហានោះ រដ្ឋសភា និងរដ្ឋាភិបាលថ្មី អាចនឹងកើតឡើងមុនការកំណត់ (នៅថ្ងៃទី១៩-២០ កញ្ញា)របស់រដ្ឋាភិបាល ដែលបានប្រកាសកន្លងមក។ សម្ដេច ហ៊ុន សែន ប្រាប់ឲ្យមន្ត្រីច្បាប់គណបក្សប្រជាជន ពិនិត្យមើលផ្លូវច្បាប់ក្នុងការបង្កើតគណៈរដ្ឋមន្ត្រី អាណត្តិទី៦ មុនការកំណត់នេះ។ មូលហេតុដែលសម្ដេច ចង់បង្កើតរដ្ឋាភិបាលថ្មី ឲ្យបានឆាប់នេះ ដោយសារតែសម្ដេច ចង់ទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ដើម្បីថ្លែងការណ៍អំពីស្ថានការណ៍នយោបាយកម្ពុជា ឆ្លើយតបនឹងអន្តរជាតិ ដែលធ្លាប់ព្រមានចាប់សម្ដេចកន្លងមក។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ឥឡូវនៅបញ្ហាត្រង់ថា តើយើងបង្កើត(គណៈរដ្ឋមន្ត្រី) មុនបានអត់? បើបង្កើតមុនបាន ខ្ញុំនឹងទៅអង្គការសហប្រជាជាតិ ដើម្បីប្រាប់ពួកអ្នកឯងឲ្យបានច្បាស់ថា ខ្ញុំមានសិទ្ធិថ្លែងការណ៍នៅអង្គការសហប្រជាជាតិ។ មើលអ្នកណាក្បាលប៉ាន់ដែកមកចាប់ ហ៊ុន សែន។ មិនថាចាប់នៅក្នុងប្រទេសទេ ខ្ញុំទៅញូវយ៉ក បើសិនជាយើងបង្កើត(គណៈរដ្ឋមន្ត្រីទាន់ពេល)។មកចាប់មក»។
អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំមហាសន្និបាតលើកទី៧៣ នៅទីក្រុងញូវយ៉ក ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៨ កញ្ញា ទៅ។