រាជធានីភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ព័ត៌មានដំបូងដែលថាមានអ្នកកើតជំងឺកូវីដហើយនៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ គឺមិនពិតឡើយ។ 

អ្នកនោះបានឆ្លងកូវីដ នៅក្រោយពេលចាក់វ៉ាក់សាំងទេ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីសម្តេចបានទទួលព័ត៌មាននេះ សម្តេចបានបញ្ជាឲ្យខាងជំនាញសិក្សាស្រាវជ្រាវព័ត៌មានថា មានអ្នកដែលដឹងថា មានជំងឺកូវីដ១៩ ហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំង។ តាមការស្រាវជ្រាវ គឺមិនដូចជាព័ត៌មានដែលទទួលបានកាលពីព្រឹកថ្ងៃទី១១ ខែឧសភា នោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីដំណើរការស្រាវជ្រាវតាមដានរឿងនេះទៅ គឺអ្នកដែលមកចាក់វ៉ាក់សាំងនោះមិនទាន់កើតជំងឺកូវីដ១៩នោះទេ។ គាត់ចាក់វ៉ាក់សាំងតាំងពីថ្ងៃទី៦ ខែឧសភា មកម្ល៉េះ ក៏ប៉ុន្តែមកដល់ថ្ងៃទី១០ ខែឧសភា គាត់ក៏មានអាការៈមិនស្រួល ហើយក៏បានទៅយកសំណាករកមេរោគកូវីដ១៩ ដល់ពេលយកសំណាកឃើញថា មានកូវីដ១៩។ 

ដូច្នេះករណីនេះ គឺវាផុតប៉ុន្មានថ្ងៃហើយដោយនៅថ្ងៃគាត់មក​ចាក់វ៉ាក់សាំងគឺអត់មានកូវីដ១៩ទេ។ ដូច្នេះរឿងនេះវាមានការធូរស្រាលឡើងវិញបន្តិច។ សម្តេចបន្ថែមថាព័ត៌មានដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា គឺមានការឆ្គាំឆ្គងបន្តិច មិនមែនកើតកូវីដហើយមកចាក់ វ៉ាក់សាំងនេះទេ៕