ខេត្តកំពង់ឆ្នាំង៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា អាវុធគ្រប់ប្រភេទ រួមទាំងសម្ភារយោធាផ្សេងៗ របស់សហរដ្ឋអាមេរិក ត្រូវបានប្រមូលជាបណ្ដើរៗ និងបានជាបន្តបន្ទាប់ហើយ គ្រោងនឹងធ្វើការកម្ទេចចោលសម្រាប់របស់ប្រើប្រាស់មិនកើត និងរបស់ដែលប្រើបានត្រូវរក្សាទុកក្នុងឃ្លាំង ឬសារមន្ទីរ ។ 

នេះជាការលើកឡើងរបស់សម្តេចពិជ័យសេនា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

សម្ដេចពិជ័យសេនា មានប្រសាសន៍បន្តថា ការប្រមូលនូវអាវុធ និងសម្ភារយោធារបស់អាមេរិកកំពុងដំណើរការ ខណៈអាវុធមួយចំនួនមានសភាពចាស់ មិនអាចប្រើប្រាស់បានដោយភាគតិចណាស់ដែលអាចប្រើបាន។

ឆ្លើយតបការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាទៅក្រសួងការពារជាតិ ត្រូវប្រមូលនូវអាវុធ ឬសម្ភារយោធារបស់អាមេរិក ដែលប្រើប្រាស់លែងកើតត្រូវកម្ទេចចោល និងរក្សាទុក។

សម្ដេចពិជ័យសេនា បានបន្តថា កន្លងមកក្រសួងការពារជាតិបានទុកដាក់ក្នុងឃ្លាំង ឬនៅក្នុងសារមន្ទីរ ប៉ុន្តែបច្ចុប្បន្នគ្រប់អង្គភាពកំពុងប្រមូល ក្នុងការត្រួតពិនិត្យមើលពីចំនួនឲ្យបានច្បាស់លាស់ដើម្បីរក្សាទុក ឬដល់កម្រិតមួយបំផ្លាញចោល ឬយ៉ាងណា។

សម្ដេចពិជ័យសេនា បន្ថែមថា អាមេរិកថាមិនលក់អាវុធមកឲ្យកម្ពុជាទៀត នឹងកាន់តែល្អហើយ ដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន មិនដែលទិញអាវុធពីអាមេរិកដែរដោយអាវុធមាននៅសល់នេះ គឺប្រមូលពីសម័យសង្គ្រាមឆ្នាំ១៩៧០ ដោយជំនន់ លន់ នល់៕