រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់ លោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់ចេញជា វិធានការចាំបាច់ សម្រាប់វិនិយោគិន ធុរកិច្ចជនបរទេស ។ ដោយចំនុចទាំងនោះមាន

  • ឱ្យក្រសួងសុខាភិបាល ទទួល ខុសត្រូវរៀបចំតារាងចំណាយសរុបពិស្ដារ ដោយរួមបញ្ចូលថ្លៃសេវាស្នាក់នៅ របស់សណ្ឋា គារទៅតាមកម្រិតគុណភាពនៃប្រភេទនីមួយៗ (A, B, C) ចំណាយលើការធ្វើតេស្ដយកកំហាក និងថ្លៃដឹកជញ្ជូនពីព្រលានទៅសណ្ឋាគារ។ ទន្ទឹមនេះ ផ្ដល់ជូនលេខគណនីធនាគារ របស់ក្រសួងសុខាភិបាលសម្រាប់ឱ្យក្រុមហ៊ុនសមាគមធុរកិច្ច សហព័ន្ធអាជីវកម្ម និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ដែលជាភាគីអ្នកធានា ឬអ្នកដំណើរបរទេស ជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ និងក្រុមគ្រួសារ ធ្វើការទូទាត់ថ្លៃសេវានានា តាមរយៈគណនីធនាគារនោះ។

  • ឱ្យក្រសួង សុខាភិបាលសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំជាសេចក្ដីណែនាំ អំពីលក្ខ ខណ្ឌ សម្រាប់ស្នើសុំលិខិតអញ្ជើញ និងលិខិតធានា ដល់វិនិយោគិនធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ និងក្រុមគ្រួសារសម្រាប់ការធ្វើដំណើរមក ប្រទេសកម្ពុជា និងដាក់ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ 
  • ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវដឹកនាំធ្វើការសិក្សា និងជំរុញការចុះកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាពិសេស ក្រោមទម្រង់ ជាទ្វេភាគីក្នុងការបង្កើតយន្ដការ Fast Lane ជាមួយបណ្ដាប្រទេសដែលជាប្រភពទុន វិនិយោគ សក្ដានុពល សម្រាប់កម្ពុជា ដែលរួមមានជាពិសេសប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បី ផ្ដល់នូវយន្ដការសម្រួលក្នុងកម្រិតពិសេសដាច់ដោយឡែក ចំពោះការធ្វើដំណើរមកដល់របស់វិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ បរទេស និងក្រុមគ្រួសារ ដែលមកពីប្រទេសទាំងនេះ ជាពិសេសពិនិត្យ ទៅលើលទ្ធភាព នៃការកាត់បន្ថយ រយៈ ពេលនៃការធ្វើចត្ដាឡីស័ក ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានានៅដដែល។ លើសពីនេះទៀត វិធានការចេញ–ចូលកម្ពុជារបស់មន្រ្ដីការទូត និង មន្រ្ដីជំនាញ របស់អង្គការអន្ដរជាតិនានា ដែលក្រសួងសុខាភិបាលយល់ថា  គួរតម្រូវឱ្យមាន ធ្វើ Screening Test ដូចអ្នកដំណើរដទៃទៀត នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា៕