រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឲ្យត្រៀមថវិកាសម្រាប់ការទិញវាក់សាំងការពារកូវីដ១៩ ចំនួន១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដោយមិនគិតថ្លៃ ដើម្បីចាក់ជូនអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ហើយក៏នឹងត្រៀមថវិកាសម្រាប់ទិញ ២ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់។ 

បន្ថែមពីនេះ ​សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា? ដែលពេលនេះប្រទេសមួយចំនួន ផលិតបាននិងដាក់អោយប្រើប្រាស់ ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។

មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។ 

សម្ដេចតេជោ នាយករដ្ឋមន្រ្តី ក៏សង្ឃឹមដែរថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនយើង ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង៕