រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ Astra Zeneca/SII នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ៤ មីនា ឆ្នាំ២០២១ នេះ។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមយន្តការ COVAX Facility។
ក្នុងថ្ងៃនេះផងដែរ ក្រៅពីវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានវត្តមានរបសសមាជិករាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបទៀត ក៏បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា ជាលើកទី១។
វ៉ាក់សាំង អាស្ត្រាហ្សេនីកា មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គឺជាយន្តការ និងវិធីសាស្ត្រថ្មីមួយទៀត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឹកូវីដ១៩ និងការបង្កទុក្ខទោស ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនដែរថា គិតមកដល់ត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ប្រទេសចិនកន្លងមក មានប្រមាណ ១២៥,៦៦៨នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៧៦៨៦នាក់៕