រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់ផ្ទះជួល ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ យោគយល់ចំពោះការលំបាករបស់កម្មករ កម្មការិនីនៅតំបន់បិទខ្ទប់ (តំបន់ក្រហម) ដែលកំពុងប្រឈមនឹងការរីករាលដានៃជំងឺកូវីដ-១៩ ខណៈដែលពួកគេមិនទាន់បានបើកប្រាក់ខែ ពីថៅកែរោងចក្រនិងកំពុងជួបបញ្ហាលំបាកនោះ។
ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ជាពិសេសម្សិលមិញនេះ គឺមានការទាមទារយកប្រាក់ថ្លៃឈ្នួលផ្ទះពីកម្មករ កម្មការិនីរបស់យើង ក្នុងពេលដែលកម្មករ កម្មការិនីរបស់យើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់នៅឡើយគឺនៅតំបន់ក្រហម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ ក្នុងស្ថានភាពបែបនេះ ខ្ញុំសុំអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការិនីរបស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នាសុទ្ធតែមានជួបការលំបាក។
សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា សម្រាប់ថ្លែទឹក ថ្លៃភ្លើង ក៏សូមស្នើឱ្យអាជ្ញាធរអគ្គិសនី ក៏ដូចជាក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជា រដ្ឋាករទឹកស្វយ័តទីក្រុងភ្នំពេញ ផ្ដោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករជាមុន។ ដែលអាចរកដំណោះស្រាយណាមួយ ដើម្បីឱ្យកម្មករកម្មការិនីរបស់យើងដែលរស់នៅតាមផ្ទះឈ្នួលនេះ គឺបានទទួលនូវការអនុគ្រោះនៅក្នុងការយកថ្លៃទឹក ថ្លៃភ្លើង ដែលជាការរួមចំណែកជាមួយនឹងម្ចាស់ផ្ទះជួល ដើម្បីនឹងដោះស្រាយបញ្ហារួមរបស់កម្មករកម្មការិនីរបស់យើង៕